សញ្ញាវិជ្ជមាន: ការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិក នឹងងើបឡើងវិញខ្លាំងនៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានបញ្ជាក់ក្នុងរបាយការណ៍ទស្សនវិស័យសកលសម្រាប់ឆ្នាំ២០២៥ ថា ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តមានដំណើរការល្អប្រសើរជាងតំបន់ផ្សេងទៀតលើពិភពលោក តាមរយៈការសម្រេចកំណើនសេដ្ឋកិច្ច ខ្ពស់ជាងសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប។

លោក Paul Tostevin ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវពិភពលោករបស់ក្រុមហ៊ុន Savills បានមានប្រសាសន៍ឱ្យដឹងថា “នេះជាលើកទីមួយក្នុងរយៈពេល៥ឆ្នាំ ដែលទីផ្សារមានស្ថិរភាពកាន់តែច្រើន ហើយវិនិយោគិនអាចមានទំនុកចិត្តលើទស្សនវិស័យសេដ្ឋកិច្ច។ ការណ៍នេះនឹងធ្វើឱ្យទីផ្សារមានទិសដៅកាន់តែច្បាស់ និងជំរុញការវិនិយោគ”។

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ ការវិនិយោគអចលនទ្រព្យនៅតំបន់អាសុីប៉ាសុីហ្វិកបានកើនឡើង៤%ធៀបនឹងឆ្នាំមុន ដល់ទំហំទឹកប្រាក់ចំនួន១០៨,៧ពាន់លានដុល្លារ។

បណ្តាប្រទេសចំនួន៣ក្នុងតំបន់ ដែលសម្រេចបានអត្រាកំណើននៃទំហំវិនិយោគលើអចលនទ្រព្យខ្ពស់ជាងគេបំផុត រួមមានប្រទេសសិង្ហបុរីចំនួន៧៤% ប្រទេសកូរ៉េខាងត្បូងចំនួន៧១% និងប្រទេសអូស្ត្រាលីចំនួន៦៣%។

Savills បានបញ្ជាក់បន្ថែមថា ទីផ្សារការិយាល័យនៅតំបន់អាសុីប៉ាសុីហ្វិកនៅតែមានភាពទាក់ទាញ ដោយគ្រប់គ្រងចំណែក៧០% នៃការវិនិយោគសរុបលើទីផ្សារអចលនទ្រព្យទាំងមូលក្នុងតំបន់នារយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៤ បើធៀបនឹងកម្រិតមធ្យមភាគសកលត្រឹមតែ២៣%។

ក្រុមហ៊ុន Savills Research បានព្យាករណ៍ថា ទំហំនៃការវិនិយោគលើអចលនទ្រព្យសកលនឹងកើនឡើង២៧% ដល់ទំហំទឹកប្រាក់ចំនួន៩៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។

ចំពោះនៅឆ្នាំ២០២៦ សកម្មភាពវិនិយោគអចលនទ្រព្យសកលត្រូវបានគេរំពឹងថានឹងកើនឡើងលើសពីទំហំទឹកប្រាក់១ទ្រីលានដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២។

Savills អះអាងថា ការវិនិយោគជាសកលត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញដល់កម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩នៅឆ្នាំ២០២៦ ដោយសារស្ថិរភាពនៃអត្រាការប្រាក់ និងការស្តារឱ្យប្រសើរឡើងនូវទំនុកចិត្តរបស់វិនិយោគិន។

ទន្ទឹមគ្នានេះ ការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិក ត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញដល់កម្រិតមុនកូវីដនៅឆ្នាំ២០២៥ ដែលជំរុញដោយវិស័យនានាដូចជា វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាពិសេសផ្នែកដឹកជញ្ជូន និងមជ្ឈមណ្ឌលទិន្នន័យ៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here