ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនលោក Du Xu នាយកប្រតិបត្តិ ក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងនៃគណៈប្រតិភូ ដែលមានសមាសភាពពីក្រុមហ៊ុនចំនួន៦ផ្សេងទៀត អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

-->
មានប្រសាសន៍លើកឡើង ក្នុងជំនួបនាឱកាសនេះ លោក Du Xu បានសម្ដែងការអបអរសាទរ ចំពោះលទ្ធផលដ៏មានផ្លែផ្កានៃដំណើរទស្សនកិច្ចមិត្តភាព និងផ្លូវការរបស់គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ផងនោះ។

ជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនទាំង៧ ដែលមានវត្តមាននាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលកំពុងត្រូវបានយកចិត្តទុកដាក់ និងមានតួនាទីសំខាន់សម្រាប់គាំទ្រសកម្មភាពវិនិយោគរបស់វិនិយោគិន។
ជាក់ស្ដែង ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក មានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងអាទិភាពមួយ ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ក្រឡានៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។ បន្ថែមពីនេះ សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក.អ.ក.បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ សម្រាប់ការចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលមានឈ្មោះថាប្រព័ន្ធ cdcIPM។

លោកបន្តថា ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើង ស្របតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក.អ.ក. ដើម្បីជំរុញប្រសិទ្ធភាព ក្នុងការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់លទ្ធភាពជូនវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគពីក.អ.ក. បានដោយផ្ទាល់ផងដែរ៕