ដោយៈ គង់ សូរិយា
ភ្នំពេញៈ រយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រុញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៅទូទាំងប្រទេស។
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ គឺដើម្បីសមាហរណកម្មផ្ទៃក្នុងប្រទេសផង ជម្រុញការបង្ខិតទីក្រុងកៀកនឹងជនបទ ពិសេសជម្រុញការលើកកំពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជាមួយហេដ្ឋារចនាសម្ព័ន្ឋរាប់រយ ដែលបានសាងសង់ និងកំពុងសាងសង់ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា យើងគួរទៅសិក្សាលើហេដ្ឋារចនាសម្ព័ន្ឋធំៗ ចំនួន២ ដែលបាន និងកំពុងលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
គំរោងទី១
ស្ពានគីហ្សូណា គឺជាស្ពានទី១ នៅក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះ ជាប្រភេទស្ពានបេតុង មានប្រវែង១,៥០០ ម៉ែត្រ ទទឹង១៤ម៉ែត្រ និងកម្ពស់៣៥ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៨ ហើយបញ្ចប់ និងបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវការ កាលពីឆ្នាំ២០០១។
គំរោងទី២
ទៅលេងកំពតជិះមិនយូរទេ! កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូន ទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
ផ្លូវជាតិនេះ អមដោយដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់។
កំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប១៣៤,៨២ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដែលត្រូវបានសម្ពោធបើកឱ្យប្រើជាផ្លូវការ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២៕