ដោយ: គង់ លាងហួរ
បាងកក: មជ្ឈមណ្ឌលស្រាវជ្រាវ SCB EIC បានព្យាករណ៍ថា ចំនួននៃការផ្ទេរលំនៅដ្ឋានថ្មីគិតជាយូនីតនៅទីក្រុងបាងកក នឹងធ្លាក់ចុះ១០%នៅឆ្នាំនេះ ហើយនឹងបន្តធ្លាក់ចុះបន្ថែមទៀតចាប់ពី១%ទៅ៣%នៅឆ្នាំ២០២៥ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃ។
ជាមួយគ្នានេះ ចំនួននៃការផ្ទេរលំនៅដ្ឋានថ្មីគិតជាទំហំទឹកប្រាក់នឹងដាំក្បាលចុះ៩ភាគរយនៅឆ្នាំ២០២៤ មុននឹងធ្លាក់ចុះចន្លោះពី០%ទៅដល់២% នៅឆ្នាំក្រោយ។នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ SCB EIC។
ការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋានក្នុងទីក្រុងបាងកកបណ្តាលមកពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច រួមទាំងការកើនឡើងនៃថ្លៃចំណាយលើការរស់នៅ ការធ្លាក់ចុះអំណាចនៃការទិញ កំណើនបំណុលក្នុងគ្រួសារ ការកើនឡើងនៃអត្រាការប្រាក់ និងការរឹតបន្តឹងលក្ខណៈវិនិច្ឆ័យក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ។
កត្តាទាំងនេះកំពុងធ្វើឱ្យប្រជាជនថៃ ដែលមានបំណងទិញផ្ទះនាពេលអនាគត ជាពិសេសអ្នកទិញដែលមានប្រាក់ចំណូលកម្រិតទាបទៅកម្រិតមធ្យម ពន្យារពេលលើការសម្រេចចិត្តទិញផ្ទះក្នុងក្តីស្រមៃ។
លើសពីនេះទៀត ស្ថាប័ន SCB EIC បានព្យាករណ៍ថា ចំនួនលំនៅដ្ឋានថ្មី ដែលបើកដំណើរការលក់នៅក្នុងឆ្នាំ២០២៤ នឹងដាំក្បាលចុះ២៨ភាគរយធៀបនឹងឆ្នាំមុន។ប៉ុន្តែ តួលេខនេះត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៥។
ដើម្បីឆ្លើយតបចំពោះលក្ខខណ្ឌមិនអំណោយផល អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងធ្វើពិពិធកម្មការវិនិយោគរបស់ខ្លួនទៅកាន់គម្រោងលំនៅដ្ឋានសម្រាប់អ្នកទិញដែលមានប្រាក់ចំណូលកម្រិតមធ្យម និងអ្នកទិញមានចំណូលកម្រិតខ្ពស់ ខណៈអំណាចនៃការទិញរបស់អតិថិជនទាំងនេះនៅតែមានភាពរឹងមាំ។
ជាមួយគ្នានេះ បណ្តាធនាគារក្នុងស្រុកធំៗរបស់ថៃបានរាយការណ៍ពីការធ្លាក់ចុះនៃការផ្តល់ប្រាក់កម្ចីទិញផ្ទះក្នុងអំឡុងរយៈពេលប្រាំបួនខែដំបូងដើមឆ្នាំនេះ ដោយសារតែការរឹតបន្តឹងលក្ខណៈវិនិច្ឆ័យក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន៕ប្រភព: Bangkok Post៕