អ្នកជំនាញអន្តរជាតិអះអាងថា ទីផ្សារខុនដូនៅកម្ពុជាមានភាពទុំជោរ ដែលទាមទារឱ្យអ្នកអភិវឌ្ឍន៍មានគំនិតច្នៃប្រឌិតថ្មី

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីផ្សារខុនដូនៅប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ស្របពេលដែលការលក់ និងការវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជាបានដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញអន្តរជាតិមួយចំនួនដូចជា លោកបណ្ឌិត Alexander Evengroen ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc. បានសម្លឹងឃើញពីឱកាសក្នុងកំឡុងដែលមានបញ្ហាប្រឈម។

តើនេះជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការទិញខុនដូនៅកម្ពុជាឬយ៉ាងណា?

លោកបណ្ឌិត Alexander Evengroen បានលើកឡើងថា ការធ្លាក់ចុះនាពេលបច្ចុប្បន្ននៃទីផ្សារខុនដូនៅកម្ពុជាពុំមែនជាសញ្ញាបង្ហាញពីការជាប់គាំងនោះទេ។ ប៉ុន្តែ ស្ថានភាពនេះទាមទារឱ្យមានការច្នៃប្រឌិតបង្កើតថ្មី(Innovation)។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ទីផ្សារបានឆ្អែតឆ្អន់ចំពោះការអភិវឌ្ឍន៍ ដែលមិនអាចបំពេញតាមក្តីស្រមៃរបស់បណ្តាអ្នកវិនិយោគ និងអ្នកទិញ ហើយការប្រើប្រាស់យុទ្ធសាស្រ្តដដែលៗបានធ្វើឱ្យផលចំណេញធ្លាក់ចុះ។

យោងតាមរបាយការណ៍ទីផ្សារបង្ហាញថា ការលក់ក្នុងទីផ្សារខុនដូបានដាំក្បាលចុះជាង២០ភាគរយ ក្នុងឆ្នាំ២០២៤នេះ បើប្រៀបធៀបនឹងឆ្នាំមុន។

ទោះជាយ៉ាងណាក្តី លោកបណ្ឌិត Alexander Evengroen បានគូសបញ្ជាក់ថា ការធ្លាក់ចុះយ៉ាងគំហុកនេះបង្ហាញពីឱកាសមាសសម្រាប់ការផ្លាស់ប្តូរយុទ្ធសាស្រ្ត។

លោកបណ្ឌិត Alexander Evengroen សង្កត់ធ្ងន់ថា នេះជាពេលវេលាសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគដើម្បីសម្របខ្លួន និងរិះរកគំនិតច្នៃប្រឌិតថ្មី។

លោកបណ្ឌិតបានបន្តថា“អ្នកមិនអាចបន្តធ្វើរឿងដដែលៗម្តងហើយម្តងទៀត ហើយរំពឹងថា នឹងទទួលបានលទ្ធផលល្អប្រសើរជាងមុននោះទេ។ ទីផ្សារនៅកម្ពុជាមានភាពទុំជោរ ដែលត្រូវការវិធីសាស្រ្តថ្មី ដើម្បីកំណត់ឡើងវិញនូវគុណតម្លៃសម្រាប់បណ្តាអ្នកទិញក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ”។

លោកបណ្ឌិតអះអាងបន្ថែមថា ការធ្លាក់ចុះនៃតម្លៃ​ខុនដូនា​ពេល​បច្ចុប្បន្ន​បានធ្វើ​ឱ្យ​ទីផ្សារ​ខុន​ដូ​នៅកម្ពុជា​ក្លាយជា​គោលដៅ​ដ៏ទាក់ទាញ​សម្រាប់​បណ្តាវិនិយោគិន​បរទេស​ ដោយលោកសង្ឃឹមថា ក្រុមហ៊ុន ASEAN Realtor Inc នឹងសម្រេចបានអត្រាកំណើននៃការលក់ខុនដូប្រមាណ៣៥ភាគរយនៅឆ្នាំក្រោយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤នេះ។

លោកបណ្ឌិតជឿជាក់ថា “ទីផ្សារខុនដូនៅកម្ពុជាអាចប្រឈមមុខនឹងពេលវេលាដ៏លំបាកមួយ។ ប៉ុន្តែ ប្រសិនបើយើងមានចក្ខុវិស័យ និងដាក់ចេញយុទ្ធសាស្ត្រត្រឹមត្រូវ នោះទីផ្សារខុនដូនៅកម្ពុជាអាចក្លាយជាទីផ្សារដ៏មានសក្តានុពលមួយនៅក្នុងតំបន់អាស៊ាន”។

លោកបណ្ឌិតបានអះអាងទៀតថា “ឱកាសមានច្រើន ខណៈសក្ដានុពលមានទំហំធំធេង ហើយនេះជាពេលវេលា ដែលយើងត្រូវធ្វើសកម្មភាព។ បណ្តាអ្នកអភិវឌ្ឍន៍ត្រូវយល់ថា ទីផ្សារខុនដូនៅកម្ពុជាទាមទារឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកនវានុវត្តន៍ ឬការច្នៃប្រឌិតថ្មីដ៏ពេញលក្ខណៈមួយ”៕ប្រភព: LinkedIn៕

LEAVE A REPLY

Please enter your comment!
Please enter your name here