រដ្ឋបាលក្រុងតូក្យូពិចារណាបង្កើតមូលនិធិដើម្បីសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ខណៈតម្លៃខុនដូកំពុងហក់ឡើងយ៉ាងគំហុក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពពីសារព័ត៌មាន Japan Times បានឱ្យដឹងថា រដ្ឋបាលក្រុងតូក្យូរបស់ប្រទេសជប៉ុនកំពុងពិចារណាបង្កើតមូលនិធិដើម្បីគាំទ្រការសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជនវណ្ណៈកណ្តាល ខណៈតម្លៃខុនដូនៅចំកណ្តាលទីក្រុងតូក្យូកំពុងកើនឡើងយ៉ាងលឿន។

ប្រភពដដែលបានឱ្យដឹងបន្តថា រដ្ឋបាលទីក្រុងតូក្យូមានបំណងរួមបញ្ចូលការចំណាយពាក់ព័ន្ធនឹងមូលនិធិនេះនៅក្នុងសំណើថវិកាដំបូងរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដែលនឹងចាប់ផ្តើមនៅក្នុងខែមេសាខាងមុខ។

យោងតាមការស្ទង់មតិដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអចលនទ្រព្យបានបង្ហាញថា តម្លៃជាមធ្យមនៃខុនដូដែលទើបនឹងសាងសង់ថ្មីនៅក្នុងសង្កាត់ចំនួន២៣នៃទីក្រុងតូក្យូ បានកើនឡើងដល់ចំនួន១០០លានយ៉េនក្នុងមួយយូនីត។

មន្ត្រីរដ្ឋបាលក្រុងតូក្យូមួយរូបបានលើកឡើងថា ស្ថានភាពនេះបង្កក្តីលំបាកសម្រាប់មនុស្សជំនាន់ក្រោយក្នុងការទិញផ្ទះធំៗនៅក្នុងទីក្រុងតូក្យូ ដែលបណ្តាលឱ្យកុមារថ្នាក់មត្តេយ្យសិក្សា និងឪពុកម្តាយរបស់ពួកគេត្រូវរើទីលំនៅចេញពីទីក្រុង។

អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានប្តេជ្ញាក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់តំណែងជាអភិបាលក្រុងកាលពីខែកក្កដា ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហានេះ។

បច្ចុប្បន្ន រដ្ឋបាលទីក្រុងតូក្យូកំពុងពិចារណាលើការដាក់ចេញគោលនយោបាយលំនៅដ្ឋានតម្លៃសមរម្យ ដែលមានគម្រូស្រាប់នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនដែលមានប្រាក់ចំណូលមធ្យមកាន់តែងាយស្រួលទទទួលបានទីលំនៅក្នុងទីក្រុងតូក្យូ។

តាមរយៈផែនការបង្កើតមូលនិធិនេះ រដ្ឋបាលទីក្រុងតូក្យូគ្រោងនឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនឯកជនដើម្បីយកទៅអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យ។ យ៉ាងណាមិញ ទំហំទុនវិនិយោគជាក់លាក់ កាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តន៍ និងព័ត៌មានលម្អិតផ្សេងទៀតមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយទេ៕ប្រភព: Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here