ដោយ: គង់ លាងហួរ
អន្តរជាតិ: កន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានប្រកាសថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងសាងសង់ផ្ទះចំនួន៣លានយូនីតក្នុងមួយឆ្នាំៗ។
គោលដៅនេះ រួមមានការសាងសង់ផ្ទះចំនួន២លានយូនីតនៅតំបន់ជនបទ និងតំបន់ឆ្នេរ និង១លានយូនីតនៅក្នុងតំបន់ទីក្រុង។

-->
អ្នកជំនាញអចលនទ្រព្យ ដូចជាលោក Joko Suranto ប្រធានសមាគមអចលនទ្រព្យឥណ្ឌូនេស៊ី (REI) ប៉ាន់ប្រមាណថា គំនិតផ្តួចផ្តើមនេះនឹងជំរុញកំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីចំនួន០,៥ភាគរយ និងបង្កើតការងារចំនួន១២លានកន្លែង។
លើសពីនេះ គំនិតផ្តួចផ្តើមរបស់លោក Prabowo នឹងលើកកម្ពស់ការបែងចែកប្រាក់ចំណូល និងដោះស្រាយបញ្ហាកង្វះលំនៅដ្ឋាននៅក្នុងប្រទេសឥណ្ឌូនេសុី។

លោកបានលើកឡើងថា ឥទ្ធិពលដ៏ធំនៃគម្រោងលំនៅដ្ឋាននេះអាចផ្តល់ការងារដល់កម្មករពី១៤លាននាក់ ទៅ១៧លាននាក់ និងជំរុញកំណើននៃឧស្សាហកម្មពាក់ព័ន្ធចំនួន១៨៥ប្រភេទ។
លោកបានបន្ថែមថា “ការសាងសង់ផ្ទះចំនួន១លានយូនីតអាចបង្កើតការងារបានចំនួន៤លានកន្លែង។ ដូច្នេះ ការសាងសង់ផ្ទះចំនួន៣លានយូនីតប្រាកដជាអាចបង្កើតការងារចំនួន១២លានកន្លែង”។

លោក Joko ចាត់ទុកគំនិតផ្តួចផ្តើមនេះជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ដោយផ្តល់នូវអត្ថប្រយោជន៍ក្នុងការស្រូបយកកម្លាំងពលកម្ម ការបែងចែកប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនអំណាចនៃការទិញ។

គម្រោងនេះក៏ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការខ្វះខាតលំនៅដ្ឋានរបស់ប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នមានចំនួន១២,៣លានយូនីត ខណៈវិបត្តិនេះបានបន្តអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ៕ប្រភព: Jakarta Globe៕
