ទីផ្សារការិយាល័យនៅទីក្រុងតៃបុិបន្តមានភាពរឹងមាំ ខណៈពុំមានការផ្គត់ផ្គង់អគារការិយាល័យថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរបាយការណ៍ថ្មីៗនេះរបស់ខ្លួន ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានលើកឡើងថា កំណើននៃអត្រាការិយាល័យទំនេរនៅទីក្រុងតៃបុិរបស់កោះតៃវ៉ាន់ នឹងត្រូវបានកាត់បន្ថយ ដោយសារតែពុំមានការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅក្នុងតំបន់ពាណិជ្ជកម្ម (CBD) របស់ទីក្រុងតៃប៉ិរហូតដល់ចុងឆ្នាំ២០២៤នេះ។

ស្ថានភាពនេះអនុញ្ញាតឱ្យទំហំការិយាល័យដែលមានស្រាប់ត្រូវបានស្រូបយកដោយទីផ្សារជាលំដាប់ មុនពេលដែលអត្រាការិយាល័យទំនេរអាចនឹងកើនឡើងម្តងទៀត ដោយសារតែការផ្គត់ផ្គង់ថ្មីនៅឆ្នាំ២០២៥។

របាយការណ៍បន្តថា តម្រូវការនៅតែមានស្ថិរភាព។ នៅចុងឆ្នាំ២០២៤ ទំហំនៃការជួលការិយាល័យប្រចាំឆ្នាំនៅក្នុងតំបន់ CBD របស់ទីក្រុងតៃបុិត្រូវបានគេរំពឹងថា នឹងមានផ្ទៃក្រឡាសរុបលើសពី១៤,២៨លានម៉ែត្រការ៉េ។

ការជួលការិយាល័យនៅតំបន់ CBD របស់ទីក្រុងតៃប៉ិក្នុងត្រីមាសទី៣ ឆ្នាំនេះ មានផ្ទៃក្រឡាសរុបប្រមាណ៣,២៣លានម៉ែត្រការ៉េ ខណៈការជួលរាប់ចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣ ឆ្នាំ២០២៤ បានកើនឡើងដល់ប្រមាណ១១,៥២លានម៉ែត្រការ៉េ ដែលលើសពីចំនួនសរុបពេញមួយឆ្នាំ២០២៣រួចទៅហើយ។

ដោយឡែក បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា អត្រាការិយាល័យទំនេរកម្រិត A បានកើនឡើងបន្តិចដល់ចំនួន៩ភាគរយ ខណៈអត្រាការិយាល័យទំនេរកម្រិត B បានធ្លាក់ចុះមកនៅត្រឹមចំនួន៣,៦ភាគរយ។

ជាមួយគ្នានេះ តម្លៃជួលការិយាល័យកម្រិត A និងកម្រិត B ជាមធ្យមបានកើនឡើងដល់ចំនួន៣.០៦៥ដុល្លារតៃវ៉ាន់ (ប្រហែល៩៤,៥ដុល្លារអាមេរិក)និង១.៩១០ដុល្លារតៃវ៉ាន់(ប្រហែល៥៩ដុល្លារអាមេរិក)ក្នុងមួយភីង រៀងគ្នា។(១ភីង ឬ ping=៣,៣ម៉ែត្រការ៉េ)៕ប្រភព: CBRE & Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here