ដោយៈ សហសេវិក
ប្រទេសចិនៈ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ពីតួនាទីសំខាន់ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចងសាមគ្គីភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកបានថ្លែងបែបនេះ នៅក្នុងវេទិកាប្រចាំឆ្នាំរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
-->

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សាភ្ជាប់វប្បធម៌ ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការរួមគ្នាឆ្លើយតប ទៅនឹងបញ្ហាប្រឈមសកល នៅចំពោះមុនថ្នាក់ដឹកនាំខេត្តយូណាន និងតំណាងស្ថាប័នសារព័ត៌មាន ពីបណ្តាលប្រទេសអាស៊ីខាងត្បូង និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ចំនួនប្រមាណ២០០នាក់។
ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើង ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ គួរឱ្យកត់សម្គាល់របស់កម្ពុជា លើវិស័យប្រព័ន្ធផ្សព្វផ្សាយជាមួយបណ្តាអាស៊ាន និងប្រព័ន្ធផ្សព្វផ្សាយចិន។
លោកបញ្ជាក់ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសចិន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមេគង្គ-ឡានឆាង”។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តី។

តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ បានជំរុញឱ្យប្រជាជនកម្ពុជា យល់កាន់តែច្បាស់អំពីទំនាក់ទំនងក្នុងតំបន់ ដោយជំរុញការយោគយល់ និងទំនាក់ទំនងមិត្តភាពទៅវិញ ទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។
ការបង្កើតបណ្តាញប្រព័ន្ធផ្សព្វផ្សាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កាលពីដើមឆ្នាំនេះគឺជាការវិវត្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យប្រព័ន្ធផ្សព្វផ្សាយតំបន់។
លោកបានក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការរៀបចំវេទិកានេះ ដើម្បីនាំយកនូវអ្នកជំនាញដែលមានបទពិសោធមកជជែកពិភាក្សា និងបង្កើតកិច្ចសហការជាមួយគ្នា ក្នុងចំណោមប្រទេសជាសមាជិក ដោយបានលើកយកឧទាហរណ៍ អំពីគម្រោងរួមគ្នា មានដូចជា “ទេសចរណ៍យូណាន-អង្គរ ឬ Yunnan-Angkor Tours” ជាដើម៕