ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យជើងចាស់បានលើកឡើងដោយបានបង្ហាញសញ្ញាសុទិដ្ឋិនិយមតិចតួច ពីទីផ្សារអចលនទ្រព្យ ដែលនឹងងើបឡើងនៅឆ្នាំ២០២៥ខាងមុខនេះ។
នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២៤ដ៏សោកសៅសម្រាប់វិស័យនេះ នឹងកន្លងផុត ជាមួយការចាប់ផ្តើមនូវសញ្ញាមិនច្បាស់លាស់នៅឡើយ។
-->
អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ឆ្នាំ២០២៥ ខាងមុខ យើងមិនទាន់ អាចមានសន្ទស្សន៍វិភាគបានច្រើននៅឡើយ ប៉ុន្តែតាមបទពិសោធន៍ កន្លងមកបានឲ្យយើងអាចគិតថា ឆ្នាំខាងមុខមិនទាន់មានសញ្ញាអ្វីគួរឲ្យកត់សំគាល់នៅឡើយ។ លោកបន្តថា ការផ្លាស់ប្តូរមេដឹកនាំអាមេរិក ដែលនឹងអាចជះឥទ្ឋិពល ដល់លំហូរពាណិជ្ជកម្មចិន អាចធ្វើឲ្យចិនជួបផលលំបាក នៅក្នុងការបង្ហូរទុនមកក្រៅប្រទេស។
លោកបន្តថា “គិតពីត្រីមាសចុងក្រោយនៃឆ្នាំនេះ និងរហូតដល់ដើមឆ្នាំ២០២៥ ខ្ញុំមិនមើលឃើញសញ្ញានៃការងើបឡើងនៅឡើយទេ”។ លោកបន្ថែមថា “វិនិយោគទុនធំរបស់យើងគឺចិន ហេតុនេះបើចិនរងសម្ពាធពីអាមេរិក នឹងមិនមានលំហូរទុនមកកម្ពុជាច្រើននោះទេ”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនadvance Realty បានមានប្រសាសន៍ឲ្យដឹងផងដែរថា យើងអាចប្រមើលមើលបណ្តើរៗបាន សម្រាប់ម៉ាក្រូនៅក្នុងវិស័យអចលនទ្រព្យ ដែលអាចមានស្ថានភាពមិនខុសគ្នានឹងឆ្នាំ២០២៤នោះទេ ដោយតម្រូវការនៃការទិញ លក់ និងលំហូរទុននៅក្នុងការអភិវឌ្ឍវិស័យនេះនៅមានកម្រិត ពិសេសតម្រូវការទាំងក្នុងនិងក្រៅប្រទេស ក៏មិនមានការកើនឡើងជាដុំកំភួននោះទេ។
លោកបន្តថា “អ្វីដែលខ្ញុំមើលឃើញ គឺទីផ្សារនឹងមានសភាពប្រហាក់ប្រហែលនឹងឆ្នាំ២០២៤”។
លោកពន្យល់ថា ការអះអាងបែបនេះ ដោយសារយើងមើលកត្តាមួយចំនួនដូចជា ទី១ ស្ថានភាពពិភពលោក នយោបាយនៃសង្រ្គាមនៅតែអូសបន្លាយ ទោះជាមានព័ត៌មានល្អក្តី ប៉ុន្តែការចចារអាចចំណាយពេល៦ខែទៅមួយឆ្នាំ។ ទី២ សហរដ្ឋអាមេរិកផ្លាស់ប្តូរមេដឹកនាំថ្មី អាចធ្វើឲ្យជម្លោះពាណិជ្ជកម្មកើនឡើង ដោយប្រទេសនិមួយៗនឹងទាញយកផលប្រយោជន៍រៀងៗខ្លួន ទី៣ បញ្ហាបំណុលរបស់ពិភពលោកើនឡើងខ្ពស់ ដែលធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តប្រុងប្រយ័ត្ន ក្នុងការផ្តល់ឥណទានសម្រាប់វិស័យនេះ។
ទោះជាយ៉ាងណា លោកប៉ូ អ៊ាវគង់បានបង្ហាញសុទិដ្ឋិនិយមផងដែរថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាមានសភាពប្រសើរ ប៉ុន្តែកំណើនGDP មិនបានស្មើគ្នា ព្រោះស្ថានភាពកើនឡើងគឺសម្រាប់តែការនាំចេញ ដែលលំហូរសាច់ប្រាក់បានហូរចេញទៅវិញ។

ចំណែក លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១០ ធ្នូ ដោយបានបង្ហាញនូវភាពសុទិដ្ឋិនិយមតិចតួច សម្រាប់វិស័យនេះផងដែរ។

លោកស្រីបានបន្តថា “ទោះជាយ៉ាងណា យើងឃើញមានការខិតខំពីប្រមុខរាជរដ្ឋាភិបាល ដែលបានព្យាយាមទាក់ទាញការវិនិយោគ ហេតុនេះយើងរំពឹងថាឆ្នាំ២០២៥ នឹងមានភាពប្រសើរជាងឆ្នាំនេះ”។ លោកស្រីបន្តទៀតថា “យើងអ្នករកស៊ី ក៏ត្រូវមើលលើបញ្ហានយោបាយ ដែលកម្ពុជាមានស្ថេរភាពនយោបាយ ហើយថ្នាក់ដឹកនាំយើងបានខិតខំណាស់”។
លោកស្រីតាំង ហួរបានបន្តថា លើសពីនេះប្រមុខរដ្ឋាភិបាល បានដោះស្រាយបញ្ហា ទាក់ទងការលើកលែងពន្ឋប្រថាប់ត្រា លើផ្ទអមានតម្លៃ៧ម៉ឺនចុះ និង២១ម៉ឺនដុល្លារចុះ ព្រមទាំងគោលនយោបាយលើកទឹកចិត្តជាច្រើនទៀត។
លោកស្រីបន្តថា ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានជ្រើរសរើសប្រធានាធិបតីថ្មី ដោយលោកដូណាល់ ត្រាំបានជាប់ឆ្នោត ហើយលោកត្រាំបានទទួលបានប្រជាប្រិយ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដោយលោកធ្លាប់អញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។
លោកស្រីតាំង ហួរបានបញ្ជាក់ថា យើងរំពឹងថាលោកត្រាំ នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកប្រសើរជាងមុន ហើយស្ថានភាពទីផ្សារជារួមក្នុងវិស័យនេះនៅកម្ពុជា នឹងមានសភាពប្រសើរជាងឆ្នាំ២០២៤ ប៉ុន្តែមិនហក់ឡើងខ្លាំងនោះទេ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានបដិសេធមិនអត្ថាធិប្បាយ ប៉ុន្តែលោកបានលើកឡើងកាលពីពេលថ្មីៗនេះថា ស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជា ដើរស្របគ្នានឹងស្ថានភាពសេដ្ឋកិច្ចពិភពលោក ប៉ុន្តែស្ថានភាពទីផ្សារយ៉ាងណា យើងអាចមើលឃើញសញ្ញា កំរើកឡើងវិញបណ្តើរៗនៅក្នុងវិស័យនេះ។
លោកបន្តថា “អ្វីៗទាមទារពេលវេលាបន្ថែមទៀត ដើម្បីជម្រុញឲ្យទីផ្សារនេះមានសភាពកាន់តែប្រសើរឡើង”៕
