ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង៥០,២៦២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូបានប្រវែង៦,៧២៣គីឡូម៉ែត្រ ផ្លូវបេតុង បានប្រវែង១,៨០៤គីឡូម៉ែត្រ ផ្លូវល្បាយក្រួស បានប្រវែង៣១៧០៤គីឡូម៉ែត្រ និងផ្លូវដីស បានប្រវែង១០,០២៩គីឡូម៉ែត្រ។
ព័ត៌មាននេះបានធ្វើបច្ចុប្បន្នភាព ក្រោមអធិបតីភាព លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់”ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋជាច្រើន។
-->

យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ គិតត្រឹមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤នេះ សមិទ្ធផលនៃការស្ថាបនា លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបានផ្លូវ២៧១ខ្សែ ក្នុងនោះសាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់៩៤០,៧១ គីឡូម៉ែត្រ សាងសង់ផ្លូវក្រាលបេតុងបានប្រវែង១៦៤,២១គីឡូម៉ែត្រ សាងសង់ផ្លូវក្រាលល្បាយក្រួស បានប្រវែង២១៨,០៥គីឡូម៉ែត្រ សាងសង់ស្ពានបេតុង បានចំនួន១២កន្លែង ស្មើនឹងប្រវែង៦៧៥ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យ គ្រប់ប្រភេទជាច្រើនទៀត ព្រមទាំងការថែទាំ និងជួសជុលផ្លូវបានចំនួន៤០៤ខ្សែ ប្រវែងសរុប៤,២៧២គីឡូម៉ែត្រ និងសំណង់សិល្បការ្យគ្រប់ប្រភេទ។

លោករដ្ឋមន្ត្រីបានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រីបានដាក់ចេញនូវទិសដៅបន្តបន្ថែម ដូចជា
១.ត្រូវបន្តពង្រីកវិសាលភាព និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។ ២.ត្រូវបន្តពង្រីកវិសាលភាពការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីឆ្លើយតបទៅនឹងទំហំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ៣. បន្តសិក្សាស្វែងរកបច្ចេកវិទ្យាថ្មីៗ ដូចជាការសិក្សាធ្វើបច្ចុប្បន្នភាពលើបទដ្ឋានបច្ចេកទេស ការសិក្សារកវត្ថុធាតុដើមថ្មី (Stabilizer)ជាដើម។

លោកឆាយ រិទ្ឋីសែនបានបញ្ជាក់ថា “សមិទ្ធផលទាំងនេះសម្រេចទៅបាន ក៏ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជនទាំងមូលផងដែរ”៕
