ក្រុមហ៊ុនខ្មែរ-អាមេរិកចំនួន២បានចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២ ដែលវិនិយោគរួមគ្នាលើការកែច្នៃ នាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។

ក្រុមហ៊ុនទាំងពីរនោះ រួមមានក្រុមហ៊ុនAmru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុនStabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនឯកជន របស់សហរដ្ឋអាមេរិកមកកម្ពុជានាឱកាសនេះ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុតលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គ របស់ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន​ពីរក៏បានរាយការណ៍ជូនលោក ឧបនាយករដ្ឋមន្រ្តី អំពីផែនការវិនិយោគរបស់ក្រុមហ៊ុនខ្លួន នៅកម្ពុជាផងដែរ។

លោកស៊ុន ចាន់ថុល បានជម្រាបជូនអំពីកិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគជោគជ័យ ក្នុងកិច្ចការវិនិយោគរបស់ខ្លួន លើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនៅក្នុងអង្គប្រជុំនេះដែរ អំពីបច្ចុប្បន្នភាពស្ថានភាពវិនិយោគនៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here