តម្លៃ​អាផាតមុិន​លំដាប់​ខ្ពស់នៅប្រទេសវៀតណាមហក់ឡើងដល់ចំនួន១៥.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយ​ការណ៍​ថ្មី​មួយ​បានបង្ហាញ​ថា បច្ចុប្បន្ន តម្លៃ​អាផាតមុិន​លំដាប់​ខ្ពស់​(High-end)នៅ​ប្រទេសវៀតណាម​​មាន​ទំហំទឹកប្រាក់ចន្លោះ​ពី៥.៤០០ដុល្លារទៅ១៥.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដែលស្មើ​នឹង​តម្លៃនៅតាមបណ្តាប្រទេស​អភិវឌ្ឍន៍​នៅលើពិភពលោក។

យោងតាមរបាយការណ៍ឈ្មោះ“Asia Pacific Horizon” របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានឱ្យដឹងថា “កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមមិនត្រឹមតែជំរុញតម្រូវការអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញតម្លៃអចលនទ្រព្យផងដែរ”។

ទីតាំងជាយុទ្ធសាស្រ្តរបស់វៀតណាមនៅក្នុងចង្កោមនៃតំបន់អាស៊ាន និងការកែទម្រង់ថ្មីៗលើបទប្បញ្ញត្តិស្តីពីការកាន់កាប់អចលនទ្រព្យដោយជនបរទេស បានទាក់ទាញជនបរទេសជាច្រើនទៅកាន់ប្រទេសវៀតណាម។

របាយ​ការណ៍​ខាងលើបាន​បន្ត​ថា ​ពលរដ្ឋដើមកំណើត​វៀត​ណាម​ដែលរស់នៅ​បរទេស រួមទាំងពលរដ្ឋកូរ៉េ​ខាង​ត្បូង ជប៉ុន និង​ចិន បានចាប់អារម្មណ៍ទិញអចលនទ្រព្យនៅវៀតណាម ដោយសារពួកគេរំពឹង​ទុកថា​ តម្លៃអចលនទ្រព្យរបស់វៀតណាមនឹង​​កើនឡើង​បន្ថែម​ទៀត។

បណ្តាវិនិយោគិនបរទេសចូលចិត្តទិញអាផាតមុិននៅទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ ដោយសារទីក្រុងទាំង២នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងមានបទពិសោធន៍សង្គមដ៏រស់រវើក។

ដោយឡែក អគារអាផាតមុិននៅតាមទីតាំងរមណីយដ្ឋានទេសចរណ៍ល្បីៗដូចជាទីក្រុង Nha Trang ឬទីក្រុង Da Nang ទទួលបានការពេញនិយមក្នុងចំណោមជនបរទេស ដែលស្វែងរករបៀបរស់នៅបែបស្ងប់ស្ងាត់ និងមានទិដ្ឋភាពឆ្នេរសមុទ្រស្រស់ស្អាត៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here