ក្រសួងសាធារណៈការគ្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចឆ្លងកាត់ផ្លូវដែកទិសខាងជើង និងត្បូងជិត១០០០កន្លែង

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំអង្គភាពគ្រប់គ្រង គម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចផ្លូវថ្នល់ ឆ្លងកាត់ផ្លូវដែកតាមបណ្ដោយផ្លូវដែក ទិសខាងជើង និងទិសខាងត្បូង។

កិច្ចប្រជុំកាលពីទី១០ ខែធ្នូ ឆ្នាំ២០២៤ ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពគ្រប់គ្រង គម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ ត្រង់ចំណុចផ្លូវថ្នល់ឆ្លងកាត់ផ្លូវដែក ស្ថិតតាមបណ្ដោយផ្លូវដែកទិសខាងជើង និងទិសខាងត្បូង ដោយមានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានផ្លូវដែក ដែលជាប្រធានទទួលបន្ទុកគម្រោង អង្គភាពលទ្ធកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យតាមដាន និងវាយតម្លៃពីវឌ្ឍនភាពការងារ របស់អង្គភាពគ្រប់គ្រងគម្រោង ការរៀបចំគម្រោងផែនការសកម្មភាពការងារ ផែនការហិរញ្ញវត្ថុ សម្ភារឧបករណ៍បច្ចេកទេស និងការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមការងារ ដើម្បីបញ្ចៀសនូវបញ្ហាប្រឈម ធ្វើយ៉ាងណាឱ្យការគ្រប់​គ្រង និងអនុវត្តគម្រោងមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោកជំទាវរដ្ឋលេខាធិការ បានណែនាំបន្ថែមដល់នាយកដ្ឋានទទួលបន្ទុកគម្រោង ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ និងត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅរួមគ្នាក្នុងការពន្លឿនការអនុវត្ត គម្រោងឱ្យទាន់ពេលវេលាតាមការគ្រោងទុក។

គម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍ ត្រង់ចំណុចផ្លូវថ្នល់ឆ្លងកាត់ផ្លូវដែកនេះមានចំនួន៩៧១កន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវដែកទិសខាងជើង និងទិសខាងត្បូង៕

 


ចែករំលែក