តំបន់ពាណិជ្ជកម្មធំជាងគេនៅទ្វីបអឺរ៉ុប La Défense ក្នុងទីក្រុងប៉ារីសកំពុងស្វែងរកវិនិយោគិនពីតំបន់អាសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់ពាណិជ្ជកម្មធំជាងគេនៅទ្វីបអឺរ៉ុប La Défense ដែលមានចម្ងាយ៨គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុងប៉ារីស ប្រទេសបារាំង កំពុងព្យាយាមទាក់ទាញក្រុមអ្នកវិនិយោគមកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ដើម្បីទប់ទល់នឹងកំណើននៃអត្រាការិយាល័យទំនេរ។

ក្នុងចំណោមការិយាល័យសរុបទាំងអស់ចំនួន៤លានម៉ែត្រការ៉េក្នុងតំបន់ La Défense ក្នុងនោះបច្ចុប្បន្ន ការិយាល័យចំនួន១៥ភាគរយត្រូវបានទុកទំនេរចោល ខណៈតម្រូវការធ្លាក់ចុះ ដោយសារក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរទៅរកបរិបទធ្វើការពីផ្ទះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩បានបញ្ចប់។នេះបើយោងតាមលោក Pierre-Yves Guice នាយកប្រតិបត្តិនៃភ្នាក់ងារ Paris La Defense។

Paris La Defense ជាទីភ្នាក់ងាររបស់រដ្ឋាភិបាលបារាំង ដែលមានតួនាទីធ្វើការត្រួតពិនិត្យលើការរៀបចំផែនការ និងការអភិវឌ្ឍន៍របស់តំបន់ La Défense។

លោក Guice បានលើកឡើងថា អត្រាទំនេរចំនួន១៥ភាគរយនេះមានកម្រិតខ្ពស់ជាងទីផ្សារការិយាល័យនៅចំកណ្តាលទីក្រុងប៉ារីស។ប៉ុន្តែ អត្រា១៥%នេះអាចប្រៀបធៀបបានទៅនឹងតំបន់ Canary Wharf នៅទីក្រុងឡុងដ៍ ក៏ដូចជាតំបន់ពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតនៅទូទាំងពិភពលោក។

លោកបានបន្ថែមថា ទោះបីជាអត្រាការិយាល័យទំនេរបានកើនឡើងយ៉ាងណាក្តី អត្រាផលចំណេញត្រឡប់ពីការជួល(Rental yield) ក្នុងតំបន់ La Défense នៅតែបន្តមានស្ថិរភាពក្នុងរង្វង់ប្រហែល៦ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនទទួលរងការរង្គោះរង្គើ ទីផ្សារការិយាល័យរបស់ប្រទេសនេះក៏បានរងសម្ពាធយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែង អត្រាការិយាល័យទំនេរនៅទីក្រុងសៀងហៃបានកើនឡើងដល់ចំនួន២១,៥ភាគរយនៅក្នុងត្រីមាសទី៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២០ឆ្នាំ។

តាមរយៈតួលេខនេះ លោក Guice បានទាញសេចក្តីសន្និដ្ឋានថា “ការកាន់កាប់អគារការិយាល័យនៅតំបន់ La Defense ជាការវិនិយោគដ៏មានស្ថិរភាព ហើយការិយាល័យមានគុណភាពរយៈពេលវែង ព្រោះអគារទាំងនោះត្រូវបានជួសជុល និងថែទាំជាប្រចាំ”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here