រដ្ឋាភិបាលសិង្ហបុរីបង្កើនការលក់ដីឡូតិ៍ទៅឱ្យអ្នកអភិវឌ្ឍន៍ឯកជនសម្រាប់សាងសង់តំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលសិង្ហបុរីបានបន្តជំរុញការផ្គត់ផ្គង់លំនៅដ្ឋានឯកជន ឯកជន ដោយបានប្រកាសលក់ដីដល់អ្នកអភិវឌ្ឍន៍សម្រាប់សាងសង់ផ្ទះចំនួន៨.៥០៥យូនីត។នេះបើយោងតាមបញ្ជីនៃកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) ក្នុងឆមាសទី១ ឆ្នាំ២០២៥។

ដីឡូតិ៍ចំនួន១០ទីតាំងនឹងត្រូវបានដាក់ដេញថ្លៃ ដែលក្នុងនោះរួមមានដីលំនៅដ្ឋានចំនួន៩ឡូតិ៍ ហើយក្នុងចំណោមនោះ ដីសម្រាប់សាងសង់ខុនដូប្រណីត (EC) មានចំនួន៣ឡូតិ៍។ ចំណែក ដីឡូតិ៍ទី១០ ជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន។

បន្ទាប់ពីមានការបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឯកជននៅក្នុងកម្មវិធីលក់ដីរបស់រដ្ឋាភិបាល ឬ Government Land Sales (GLS) ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ស្តុកលំនៅដ្ឋានឯកជនសម្រាប់លក់បានកើនឡើងជាលំដាប់ពីចំនួន១៦.១០០យូនីតនៅចុងឆ្នាំ២០២១ ដល់ចំនួន២១.០០០យូនីតគិតត្រឹមចុងឆ្នាំនេះ។

ការកើនឡើងនៃការផ្គត់ផ្គង់បានរួមចំណែកដល់ស្ថិរភាពនៃទីផ្សារលំនៅដ្ឋានឯកជន ដែលបានឆ្លុះបញ្ចាំងតាមរយៈការថយចុះនៃសន្ទុះតម្លៃអចលនទ្រព្យ។

ដោយផ្អែកលើសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជនបង្ហាញថា កំណើនតម្លៃផ្ទះប្រចាំឆ្នាំនៅសិង្ហបុរីបានថយចុះមកនៅត្រឹមអត្រា៦,៨% ក្នុងឆ្នាំ២០២៣ បើធៀបនឹងអត្រា១០,៦% ក្នុងឆ្នាំ២០២១ និងអត្រា៨,៦% ក្នុងឆ្នាំ២០២២។

ដោយឡែក តម្លៃលំនៅដ្ឋានឯកជននៅឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាកាន់តែទាបបន្ថែមទៀត ព្រោះនៅក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ តម្លៃផ្ទះបានកើនឡើងប្រហែល១,៦ភាគរយប៉ុណ្ណោះ។

ម្យា៉ងវិញទៀត ដោយមើលឃើញពីការប្រកួតប្រជែងដ៏តឹងរឹងក្នុងចំណោមក្រុមអ្នកអភិវឌ្ឍន៍ និងការកើនឡើងនៃតម្លៃដី រដ្ឋាភិបាលបានសម្រេចបង្កើនការផ្គត់ផ្គង់ដីឡូតិ៍សម្រាប់សាងសង់ខុនដូប្រណីត (EC)ដល់ចំនួន៣ទីតាំង ដែលអាចសាងសង់ខុនដូប្រភេទនេះបានចំនួន៩៨០យូនីតនៅក្នុងឆមាសទី១ ឆ្នាំក្រោយ៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here