ក្រុមហ៊ុនជប៉ុនធំមួយមកសិក្សាពីលទ្ឋភាព និងឱកាសវិនិយោគ នៅកម្ពុជា

ចែករំលែក

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយSumitomo Mitsui Banking Corporation តំណាងដោយលោក Hironori Shimojima អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក។

ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ធ្នូ ដោយមានគោលបំណងពិនិត្យកាលានុវត្តភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញ និងទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណ ជូនចំពោះក្រុមការងារ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអង្កេតដោយផ្ទាល់នូវវឌ្ឍនភាពថ្មី នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ លោកបានរំលឹកឡើងវិញអំពីបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដែលដឹកនាំដោយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ទីក្រុងតូក្យូ កាលពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយបានរៀបចំសិក្ខាសាលា ទទួលជួបពិភាក្សាការងារ និងរៀបចំជំនួបផ្គូផ្គងធុរកិច្ច ជាមួយសហគមន៍ធុរកិច្ចជប៉ុន។

បន្ថែមពីនេះ លោកសួន សុផល ក៏បានធ្វើការជម្រាបជូនសមភាគីអំពីវិស័យគន្លឹះមួយចំនួនដែលកម្ពុជាបាន និងកំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាស បណ្តាក់ទុនវិនិយោគដែលវិស័យទាំងនោះរួមមានកសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធន់ស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញជាដើម។ ក្នុងស្មារតីនេះ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថាក្រុមការងារតុជប៉ុន (Japan Desk) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងអាចសហការជាមួយ Sumitomo Mitsui Banking Corporation ដើម្បីរួមគ្នាបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០២៥ខាងមុខ។

ជាការឆ្លើយតប លោក Hironori Shimojima បានសម្តែងនូវក្តីរីករាយដែលបានពិភាក្សាការងារ ជាមួយក្រុមការងារនាឱកាសបំពេញបេសកកម្មការងារលើកទី២ របស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ លោកបានកត់សម្គាល់នូវសកម្មភាព ដ៏សកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការដើរគោះទ្វារវិនិយោគិន ឱ្យមកសិក្សាសមិទ្ធិលទ្ធភាព និងដាក់ទុនវិនិយោគនៅកម្ពុជា ហើយលោកមានជំនឿចិត្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងវិលត្រលប់ទៅកាន់ប្រទេសជប៉ុ ននាពេលវេលាសមស្របខាងមុខ ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ខ្លួន។

លោកបានទទួលយកនូវអនុសាសន៍ដ៏ប្រពៃស្តីពី កាលានុវត្តភាពវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យតំណាង Sumitomo Mitsui Banking Corporation នៅរាជធានីភ្នំពេញពិនិត្យលទ្ធភាព ពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង៕


ចែករំលែក