ប្រទេសចិនប្រកាសប្តេជ្ញាចិត្តបង្កើនវិធានការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិនអះអាងថា ប្រទេសចិនគ្រោងនឹងអនុវត្តន៍ គោលនយោបាយរូបិយវត្ថុធូររលុងនៅឆ្នាំក្រោយ រួមជាមួយនឹងគោលនយោបាយសារពើពន្ធសកម្មបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានរាយការណ៍ ដោយដកស្រង់លទ្ធផល ចេញពីកិច្ចប្រជុំរបស់មន្ត្រីបក្ស កុំម្មុយនិស្តចិនថា ប្រទេសចិន នឹងផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក និងការបង្កើនការប្រើប្រាស់។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានអះអាងថា នៅឆ្នាំ២០២៥ អាជ្ញាធរត្រូវតែប្រកាន់ខ្ជាប់ នូវគោលការណ៍នៃការបន្តសម្រេចបានវឌ្ឍនភាព និងការរក្សាបាននូវស្ថិរភាព។ ការិយាល័យនយោបាយបានគូសបញ្ជាក់បន្ថែមថា ទីផ្សារលំនៅដ្ឋាន និងទីផ្សារភាគហ៊ុនត្រូវតែមានស្ថិរភាព។

លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តចិនជាន់ខ្ពស់របស់ធនាគារANZ បានអះអាងថា “យើងគិតថា ការប្រកាសនេះ ចង្អុលបង្ហាញពីការជំរុញវិធានការសារពើពន្ធដ៏រឹងមាំ ការកាត់បន្ថយអត្រាការប្រាក់ទ្រង់ទ្រាយធំ និងការទិញទ្រព្យសកម្មនៅឆ្នាំ២០២៥”។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានជួបប្រទះការលំបាកនៅឆ្នាំនេះ ដោយជំរុញឱ្យក្រុមមន្ត្រី បង្កើតគោលនយោបាយចិន ចាត់វិធានការយ៉ាងច្រើននៅក្នុងខែកញ្ញា។

ក្នុងនោះ ធនាគារកណ្តាលចិន បានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីជំងឺរាតត្បាត ដោយកាត់បន្ថយអត្រាការប្រាក់ និងចាក់បញ្ចូលទឹកប្រាក់១ទ្រីលានយ័ន ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងវិធានការជាច្រើនផ្សេងទៀត។

ប្រទេសចិនត្រូវបានព្យាករណ៍ថា អាចសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៥%នៅឆ្នាំនេះ។ ប៉ុន្តែការព្យាយាមរក្សាបាននូវល្បឿនសេដ្ឋកិច្ចចិន នៅឆ្នាំ២០២៥អាចជួបការលំបាក ស្របពេលដែលប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ នឹងត្រលប់មកកាន់សេតវិមានវិញ ដោយលោកបានគំរាមយកពន្ធចំនួន៦០% ឬច្រើនជាងនេះ ទៅលើការនាំចូលទំំនិញរបស់ចិន។

កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសចិនបានបង្ហាញកញ្ចប់បំណុលចំនួន១០ទ្រីលានយ័ន ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញប្បទានរបស់រដ្ឋបាលក្នុងតំបន់ និងស្តារស្ថិរភាពកំណើនសេដ្ឋកិច្ច៕ប្រភព: CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here