ទីផ្សារអចលនទ្រព្យនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី បង្ហាញពី ភាពធន់នៅក្នុងឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រោមយុគសម័យថ្មីនៃការដឹកនាំរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Prabowo Subianto ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនថ្មី និងមានភាពសុទិដ្ឋិនិយម។

ទោះបីជាពិភពលោកនាពេលបច្ចុប្បន្នកំពុងបន្តស្ថិតក្នុងសភាពមិនច្បាស់លាស់យ៉ាងណាក្តី ក៏វិស័យអចលនទ្រព្យរបស់ឥណ្ឌូនេស៊ីនៅតែបន្តរក្សាបានភាពរឹងមាំ និងជាគោលដៅដ៏ទាក់ទាញសម្រាប់ក្រុមអ្នកវិនិយោគបរទេស។

ក្រុមអ្នកជំនាញមានទំនុកចិត្តថា វិស័យអចលនទ្រព្យនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមលោក Adrianto P. Adhi ប្រធាននាយកនៃក្រុមហ៊ុន PT Summarecon Agung Tbk។

លោកបានបន្តថា“អចលនទ្រព្យជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដែលជះឥទ្ធិពលដល់វិស័យពាក់ព័ន្ធជាង១៨៥វិស័យ។ ដូច្នេះ នៅពេលណាតម្រូវការអចលនទ្រព្យកើនឡើង នោះការអភិវឌ្ឍន៍ក៏នឹងកើនឡើងដូចគ្នាដែរ។ ការណ៍នេះនឹងជះឥទ្ធិពលលើឧស្សាហកម្មពាក់ព័ន្ធទាំងនោះ”។

ជាក់ស្ដែង ក្នុងឆ្នាំ២០២៣ ទីភ្នាក់ងារស្ថិតិជាតិរបស់ប្រទេសឥណ្ឌូនេស៊ី (BPS) បានរាយការណ៍ថា វិស័យអចលនទ្រព្យបានចូលរួមចំណែកយ៉ាងធំក្នុងការចាក់បញ្ចូលទំហំទឹកប្រាក់ចំនួន៣៤៣,៨៦ទ្រីលានរូពៀចូលទៅក្នុងផលទុនជាតិសរុបរបស់ឥណ្ឌូនេស៊ី។

លោក Rusmin Lawin អ្នកជំនាញអចលនទ្រព្យមួយរូប បានលើកឡើងថា បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមនាំមុខគេក្នុងទិដ្ឋភាពនៃការវិនិយោគអចលនទ្រព្យក្នុងតំបន់អាស៊ាន។

លោកបន្តថា “ប្រសិនបើយើងពិភាក្សាអំពីការវិនិយោគលើអចលនទ្រព្យនៅតំបន់អាស៊ាន ឥណ្ឌូនេស៊ី និងវៀតណាមជាជម្រើសដ៏មានសក្តានុពលខ្ពស់បំផុត ដោយសារតែឥណ្ឌូនេស៊ីមានប្រៀបលើកត្តាស្ថិរភាពនយោបាយ និងទំហំទីផ្សារធំ”។

ជាមួយគ្នានេះ ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ JLL បានរាយការណ៍ពីកំណើនដ៏រឹងមាំនៅក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងហ្សាការតា ជាពិសេសការជួលការិយាល័យលំដាប់ A ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ដែលសម្រេចបានអត្រាគ្របដណ្តប់ការជួលប្រហែល៧០ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ដោយឡែក អត្រាគ្របដណ្តប់តម្រូវការលំនៅដ្ឋាននៅខាងក្រៅតំបន់ CBD បានស្ថិតនៅទ្រឹងក្នុងរង្វង់៧១ភាគរយ ជាពិសេសតម្រូវការខ្ពស់នៅក្នុងតំបន់ South Jakarta។

លោក Yunus Karim ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន JLL Indonesia អះអាងថា “យើងបានកត់សម្គាល់ឃើញពីការកើនឡើងជាវិជ្ជមាននៃទីផ្សារការិយាល័យលំដាប់ A ខណៈតម្រូវការបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២៣”។

បន្ថែមលើនេះ ការលក់ខុនដូក្នុងទីផ្សារនៅទីក្រុងហ្សាការតាក៏បានកើនឡើងផងដែរ ជាពិសេសការលក់ខុនដូនៅក្នុងគម្រោងថ្មីៗដូចជាគម្រោង Two Sudirman និងគម្រោង LRT City Tebet ជាដើម៕ប្រភព: investindonesia.co.id៕

LEAVE A REPLY

Please enter your comment!
Please enter your name here