លំនៅដ្ឋានអភិវឌ្ឍនៅកម្ពុជាមានតម្លៃជាមធ្យមជាង៣ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាម​ក្រុមហ៊ុន C9 Hotelworks ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​បដិសណ្ឋារកិច្ច និង​អចលនទ្រព្យ បានឱ្យដឹងថា នៅ២០២៤នេះ កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានម៉ាកយីហោ(Branded Residence) សរុបចំនួន៥គម្រោង។

គម្រោងទាំង៥នោះ មានលំនៅដ្ឋានម៉ាកយីហោចំនួន៨០៧យូនីត និងមានតម្លៃដាក់លក់ជាមធ្យមចំនួន៣.១៧៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

តើអ្វីទៅជាលំនៅដ្ឋានម៉ាកយីហោ(Branded Residence)?

ជាធម្មតា គម្រោងលំនៅដ្ឋានប្រភេទនេះ កើតចេញពីភាពជាដៃគូសហការគ្នារវាងម៉ាកយីហោល្បីៗ និងអ្នកអភិវឌ្ឍន៍។ ម្ចាស់ម៉ាកយីហោត្រូវផ្តល់អាជ្ញាប័ណ្ណដល់អ្នកអភិវឌ្ឍន៍ដើម្បីធ្វើយុទ្ធសាស្ដ្រទីផ្សារ និងលក់លំនៅដ្ឋាន ដែលស្ថិតក្រោមឈ្មោះម៉ាកយីហោរបស់ពួកគេ។

លំនៅដ្ឋានម៉ាកយីហោក៏ជាអចលនទ្រព្យលំនៅដ្ឋានឯកជនមួយប្រភេទ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនម៉ាកយីហោល្បីៗផ្នែករចនាម៉ូដ និងផ្នែកបម្រើសេវាកម្ម។

លោក Bill Barnett ស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន C9 Hotelworks បានលើកឡើងថា ទីផ្សារលំនៅដ្ឋានម៉ាកយីហោនៅតំបន់អាស៊ី សម្រេចបានទំហំនៃការផ្គត់ផ្គង់ក្នុងតម្លៃជាទឹកប្រាក់ចំនួន២៦,៦ពាន់លានដុល្លារនៅឆ្នាំនេះ ដែលមានលំនៅដ្ឋានសរុបចំនួន៦៨.០០១យូនីត។

ក្នុងនោះ ប្រទេសថៃបាននាំមុខគេ ដោយក្តោបបានចំណែកទីផ្សារចំនួន២៣,៣% តាមពីក្រោយដោយប្រទេសហ្វីលីពីនចំនួន១៧,៣% និងកូរ៉េខាងត្បូងចំនួន១១,៦% ខណៈទីផ្សារដែលកំពុងរីកចម្រើនដូចជាម៉ាឡេស៊ី វៀតណាម និងឥណ្ឌាគ្រប់គ្រងចំណែកសរុបបញ្ចូលគ្នាចំនួន២៤,៥% នៃចំណែកទីផ្សារសរុប។

ប្រសិនបើគិតពីចំនួនគម្រោងវិញ ប្រទេសថៃក៏ជាប់ចំណាត់ថ្នាក់លេខ១ផងដែរ ដែលមាន៦៥គម្រោង បន្ទាប់មកវៀតណាមមានចំនួន៥៩គម្រោង។

ប៉ុន្តែ បើនិយាយពីចំនួនយូនីតសរុបវិញ ប្រទេសវៀតណាមបាននាំមុខគេទី១ ដែលមានលំនៅដ្ឋានម៉ាកយីហោចំនួន១៧.៦៨០យូនីត ខណៈប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ២ ដែលមាន លំនៅដ្ឋានម៉ាកយីហោចំនួន១៦.២៧១យូនីត។

លំនៅដ្ឋានម៉ាកយីហោនៅប្រទេសថៃត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យមចំនួន៥.៤៧៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈលំនៅដ្ឋានម៉ាកយីហោនៅប្រទេសវៀតណាមត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យមចំនួន៣.៧៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here