ការសិក្សា: លំហូរ FDI ចូលទីផ្សារលំនៅដ្ឋានរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើង៥ភាគរយនៅឆ្នាំក្រោយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវអចលនទ្រព្យ Juwai IQI ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួរ រំពឹងថា ជនបរទេសនឹងបង្កើនការវិនិយោគក្នុងទីផ្សារលំនៅដ្ឋានរបស់ម៉ាឡេសុីនៅឆ្នាំក្រោយក្នុងអត្រាមិនលើសពី៥ភាគរយ។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានអះអាងថា ជនបរទេស ដែលកាន់ទិដ្ឋាការវិនិយោគរបស់ម៉ាឡេស៊ីនឹងបោះទុនយ៉ាងតិចចំនួន១៦៦លានរីងហ្គីតនៅប្រទេសម៉ាឡេសុីក្នុងឆ្នាំ២០២៥ខាងមុខ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រភពអ្នកទិញធំបំផុតទី១ មិនមានការប្រែប្រួលទេ ដោយក្រុមអ្នកទិញមកពីប្រទេសចិននាំមុខគេ”។

លោក Kashif បានបន្តថា ប្រទេសម៉ាឡេស៊ីមានសក្តានុពលសំខាន់ៗចំនួន២ ដូចជា កត្តាទីផ្សារអចលនទ្រព្យមានស្ថិរភាព និងកត្តាគោលនយោបាយទិដ្ឋាការដ៏ទាក់ទាញចំពោះក្រុមអ្នកជំនួញ ក្រុមអ្នកធ្វើការក្នុងវិស័យឌីជីថល និងក្រុមអ្នកចូលនិវត្តន៍ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ក្រុមហ៊ុន Juwai IQI បានប៉ាន់ប្រមាណថា កម្មវិធីម៉ាឡេសុីផ្ទះទី២របស់ខ្ញុំ ឬ Malaysia My Second Home (MM2H) របស់រដ្ឋាភិបាលម៉ាឡសេុីបានធ្វើការអនុម័តពាក្យស្នើសុំទិដ្ឋាការចំនួន៧០០ច្បាប់នៅក្នុងឆ្នាំ២០២៤នេះ។

យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្រុមអ្នកធ្វើការក្នុងវិស័យឌីជីថល(Digital Nomad) ចំណាយប្រាក់ជាមធ្យមប្រចាំឆ្នាំចំនួន១៣៤.០០០រីងហ្គីត(ប្រហែល៣០.០០០ដុល្លារអាមេរិក)ក្នុងមួយនាក់។

ដូច្នេះហើយ ក្រុមហ៊ុន Juwai IQI បានទាញសេចក្តីសន្និដ្ឋានថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេសុីនឹងកើនឡើងនៅឆ្នាំ២០២៥ ព្រោះម៉ាឡេសុីជាគោលដៅដ៏ទាក់ទាញចំពោះក្រុមអ្នកធ្វើការក្នុងវិស័យឌីជីថល៕ប្រភព: NST Online៕

LEAVE A REPLY

Please enter your comment!
Please enter your name here