សម្តេចធិបតីៈ ក្រុមហ៊ុនប្រមាណ៥០សមាជិកវេទិកាសម្ព័ន្ធឧស្សាកម្ម កូរ៉េបង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

0

ដោយៈ គង់សូរិយា

    ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។

លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោ​មនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ៧ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េ មកពីបណ្ដាក្រុមហ៊ុនចំនួន៥០មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ ពីកាលានុភាពវិនិយោគនៅកម្ពុជា​ តាមការសន្យា នៅពេលដែលលោកបាន​ជួបពិភាក្សា ការងារ​ជាមួយសម្តេចបវរធិបតីលើកដំបូង​។

លោកប្រធានបានបន្ថែមទៀតថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគ លើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញ​យានយន្ត​ បច្ចេកទេស​ បច្ចេកវិទ្យា​ សេវាថែទាំសុខភាពនិងកែសម្ផស្ស ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចធុរកិច្ច របស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ នៅកម្ពុជា។

សម្ដេចបវរធិបតីបានបង្ហាញ ពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការសាងសង់ អាកាសយានដ្ឋានខ្នាតអន្តរជាតិ ផ្លូវល្បឿនលឿន ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។

សម្ដេចបវរធិបតីបានបញ្ជាក់ថា ការកសាងមូលធនមនុស្សក៏ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងយកចិត្តទុកដាក់លើជំនាញយានយន្ត និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។  សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយ និងយន្តការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាលកម្ពជា​ ដែលធានាដល់បរិយាកាសវិនិយោគមួយ ដែលមានភាពប្រកួតប្រជែងខ្ពស់ ដោយក្នុងនោះសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ លើការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។

សម្ដេចបវរធិបតីបានលើកទឹកចិត្ត ដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here