ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលលំនៅដ្ឋានកំពុងកើនឡើងទូទាំងពិភពលោក ដោយបច្ចុប្បន្ន ប្រទេសសិង្ហបុរីកំពុងឈរនៅលើកំពូលតារាង។ នេះបើយោងតាមគេហទំព័រ Numbeo ដែលតាមដាន និងចងក្រងទិន្នន័យថ្លៃចំណាយលើការរស់នៅ។
ខាងក្រោមនេះទិន្នន័យតម្លៃជួលជាមធ្យមសម្រាប់អាផាតមុិនដែលមានបន្ទប់គេងចំនួនមួយនៅចំកណ្តាលទីក្រុងក្នុងបណ្តាប្រទេសកំពូលទាំង៥ លើពិភពលោក។
ទី១: ទីក្រុងសិង្ហបុរី
-->

អាផាតមុិន ដែលមានបន្ទប់គេងចំនួនមួយស្ថិតនៅចំកណ្តាលទីក្រុងសិង្ហបុរី មានតម្លៃជួលជាមធ្យមចំនួន៣.៦៥១ដុល្លារសិង្ហបុរី(ប្រហែល២.៧០៩ដុល្លារអាមេរិក)ក្នុងមួយខែ ដែលជំរុញដោយតម្រូវការខ្ពស់ និងកង្វះលំនៅដ្ឋានតម្លៃសមរម្យ។
ទី២: ទីក្រុងហុងកុង តំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន

ការជួលអាផាតមុិន ដែលមានបន្ទប់គេងចំនួនមួយនៅក្នុងតំបន់ស្នូលនៃទីក្រុងហុងកុងមានតម្លៃជាមធ្យមចំនួន១៦.៨៥៤ដុល្លារហុងកុង(ប្រហែល២.១៦៨ដុល្លារអាមេរិក)ក្នុងមួយខែ ដោយសារការកើនឡើងយ៉ាងគំហុកនៃតម្រូវការជួលលើសពីចំនួនអ្នកចង់ទិញផ្ទះ។
ទី៣: ប្រទេសស្វីស

បច្ចុប្បន្ននេះ ការជួលអាផាតមុិន ដែលមានបន្ទប់គេងចំនួន១ នៅចំកណ្តាលទីក្រុងក្នុងប្រទេសស្វីសមានតម្លៃជាមធ្យមចំនួន១.៦៧៤ហ្វ្រង់ស្វីស(ប្រហែល១.៨៧៦ដុល្លារអាមេរិក)ក្នុងមួយខែ ស្របពេលមានវិបត្តិកង្វះលំនៅដ្ឋាន ដែលកើតចេញពីការធ្លាក់ចុះនៃគម្រោងសំណង់ថ្មី និងការកើនឡើងនៃលំហូរជនចំណាកស្រុកទៅកាន់ប្រទេសស្វីស។
ទី៤: ប្រទេសលុចសំបួរ

តម្លៃផ្ទះជួលនៅប្រទេសលុចសំបួក៏បានហក់ឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ តួយ៉ាង អាផាតមុិនដែលមានបន្ទប់គេងទោលនៅចំកណ្តាលទីក្រុងមានតម្លៃជួលជាមធ្យមចំនួន១.៦៩៧អឺរ៉ូ (ប្រហែល១.៧៧៦ដុល្លារអាមេរិក)ក្នុងមួយខែ។
ទី៥: សហរដ្ឋអាមេរិក

អត្រាអតិផរណាដ៏ខ្ពស់ និងការកើនឡើងនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ បានធ្វើឱ្យទីផ្សារជួលរបស់សហរដ្ឋអាមេរិកកាន់តែតានតឹង។ ឥឡូវនេះ ការជួលផ្ទះមានតម្លៃថ្លៃណាស់ ដោយអាផាតមុិននៅចំកណ្តាលទីក្រុងមានតម្លៃជួលជាមធ្យមចំនួន១.៧៥៩ដុល្លារក្នុងមួយខែ៕ប្រភព: Yahoo៕