ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមស្ថាប័ន Pantheon Macroeconomics ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា ហ្វីលីពីនជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលនឹងមិនសូវរងផលប៉ះពាល់ខ្លាំងពីគោលនយោបាយពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ត្រាំ។
នៅក្នុងរបាយការណ៍ “Emerging Asia Outlook” របស់ខ្លួនសម្រាប់ឆមាសទីមួយ ឆ្នាំ២០២៥ លោក Miguel Chanco សេដ្ឋវិទូនៅស្ថាប័ន Pantheon Macroeconomics បានលើកឡើងថា កោះតៃវ៉ាន់ ប្រទេសថៃ និងប្រទេសវៀតណាម សុទ្ធតែជាបណ្តាប្រទេសងាយរងគ្រោះចំពោះការយកពន្ធលើការនាំចូលទំនិញទាំងអស់ទៅកាន់សហរដ្ឋអាមេរិក។

-->
យ៉ាងណាមិញ បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនទាំងអស់ពុំមែនសុទ្ធតែរងផលប៉ះពាល់ខ្លាំងដូចគ្នាទេ។ តួយ៉ាង បណ្តាប្រទេស ដែលមានប្រជាជនច្រើន និងពឹងផ្អែកលើតម្រូវការក្នុងស្រុក ដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាប្រទេសដែលមិនរងឥទ្ធិពលខ្លាំង ក្នុងករណីផ្ទុះសង្រ្គាមពាណិជ្ជកម្មថ្មីមួយ។
ម៉្យាងទៀត ទោះបីជាមាន ឬគ្មានពន្ធថ្មីដែលដាក់ដោយសហរដ្ឋអាមេរិក ស្ថាប័ន Pantheon Macroeconomics រំពឹងថា កំណើននៃការនាំចេញសំខាន់ៗនៅទូទាំងតំបន់អាចនឹងធ្លាក់ចុះនៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ។

លោក Chanco បានបន្តទៀតថា យើងក៏សង្កេតឃើញមានហានិភ័យមួយចំនួនផងដែរ សម្រាប់ក្រុមហ៊ុននាំចេញពីតំបន់អាស៊ីនៅឆ្នាំក្រោយ ដោយសារតែភាពមិនប្រាកដប្រជាលើការកំណត់ពេលវេលានៃការយកពន្ធរបស់លោក ត្រាំ។
តាមរយៈរបាយការណ៍ថ្មីចុងក្រោយ លោកបានអះអាងថា ជាបឋម ពន្ធរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផ្តោតមុនគេទៅលើប្រទេសចិន កាណាដា និងម៉ិកស៊ិក។

ដូច្នេះហើយ លំហូរពាណិជ្ជកម្មរបស់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅតំបន់អាស៊ីប្រហែលជាមិនអាចរងផលប៉ះពាល់ភ្លាមៗនោះទេ ដោយត្រូវរង់ចាំរហូតដល់ឆមាសទីពីរនៃឆ្នាំ២០២៥ខាងមុខ។
សេដ្ឋវិទូបន្ថែមថា “ក្នុងពេលជាមួយគ្នានេះ កម្រិតពន្ធគយ ដែលបានស្នើឡើងរបស់លោកត្រាំ អាចជំរុញឱ្យបណ្តាក្រុមហ៊ុនអាមេរិកងាកទៅនាំចូលទំនិញពីបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន”៕ប្រភព: Phistar៕