ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានថ្លែងឱ្យដឹងថា គិតមកទល់ពេលនេះ អាគារ១០១ ក្នុងចំណោមអាគារដែលជាប់គាំង នៅក្នុងខេត្តព្រះសីហនុកន្លងមក ត្រូវបានសម្របសម្រួលឱ្យវិនិយោគបន្ត។
លោកអភិបាល បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៥ ធ្នូថា ក្នុងចំណោម១០១នោះ ក៏មាន៤០អគារផងដែរ បាននិងកំពុងសាងសង់ ខណៈដែលនៅសេសសល់៦១អគារ នឹងបន្តសាងសង់នាពេលឆាប់ខាងមុខនេះ។
-->

ទាក់ទងនឹងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសពហុបំណង”។
ខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមថា ជា “តារារះនាទិសនិរតី” ព្រោះខេត្តនេះមានទាំងឆ្នេរ សមុទ្រស្រស់ស្អាតជាងគេលើពិភពលោក និងមានសម្បត្តិវប្បធម៌ជាច្រើនផ្សេងទៀត។

លោកបន្តទៀតថា ខេត្តព្រះសីហនុ គ្រោងនឹងបង្កើតក្រុងមួយបន្ថែមទៀត គឺក្រុងកំពង់សោម។ លោក បានបន្តថា ក្រុងថ្មីនេះគឺកាត់ចេញពីឃុំចំនួន៥ ក្នុងស្រុកព្រៃនប់។
លោកបានមានប្រសាសន៍ ទាក់ទងនឹងផលិតផលក្នុងស្រុកសរុបរបស់ខេត្ត ដែលមានចំនួនសរុបប្រមាណ១,៦១៧លានដុល្លារ។
ជាមួយគ្នានេះ លោក ក៏បានលើកឡើងពីសម្បត្តិធម្មជាតិជាច្រើនដែលខេត្តព្រះសីហនុមាន រួមទាំងកោះនានាចំនួន៣២ ដែលអាចទាក់ទាញចិត្តភ្ញៀវទេសចរបានកាន់តែច្រើន៕
