ដោយៈ ស៊ីវ ម៉េង
កណ្តាលៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីKS Residence បានឱ្យដឹងថា លោកបានរក្សាទុកផ្ទៃដីពីរកន្លែង នៅក្នុងបុរីនេះ សម្រាប់សាងសង់សាលារៀន និងមន្ទីរពេទ្យសម្រាប់សហគមន៍ប្រជាពលរដ្ឋរស់នៅជុំវិញគំរោងនេះ ប្រសិនជាដីនេះមិនមានអ្នកទិញ ឬជួល។
លោកបន្តដោយពន្យល់ថា ដីទាំងពីរកន្លែងខាងលើ គឺសម្រាប់លក់ សម្រាប់ជួលរយៈពេលយូរ ឬសម្រាប់សហការជាមួយអ្នកចង់បើកពេទ្យ ឬបើកសាលារៀនសហគមន៍។
-->

លោកឧកញ៉ាបានបញ្ជាក់ “ដីនេះស្ថិតនៅលើផ្លូវធំ ប៉ុន្តែខ្ញុំទុក២កន្លែង ដោយមួយកន្លែងធ្វើមន្ទីរពេទ្យ និងមួយកន្លែងទៀតសម្រាប់បើកសាលារៀនជួយដល់សង្គម បើគេទិញក៏យើងលក់ ហើយបើគេជួលក៏យើងជួល ប៉ុន្តែបើមិនមានអ្នកទិញឬអ្នកជួលទេ ប៉ុន្តែគេចេះមានជំនាញ យើងអាចសហការជាមួយគេ ដើម្បីសាងសង់មន្ទីរពេទ្យ និងសាលារៀន ព្រោះយើងចង់យកដីនោះ ប្រើប្រាស់ដើម្បីប្រយោជន៍ដល់សហគមន៍”។

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណាង ស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៥ប្លុក រួមមាន៖ ប្លុក A, B, C, D, E និងមានប្រភេទម៉ូដផ្ទះអាជីវកម្ម ផ្ទះវីឡាកូនកាត់ LS & LM និងប្រភេទផ្ទះវីឡាទោលផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ ដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត៕
