សម្តេចធិបតីជម្រុញការអភិវឌ្ឍន៍នៅភាគខាងកើតរាជធានីជាមួយនឹងការជម្រុញឲ្យវិស័យឯកជនចូលរួម

0

ដោយៈ គង់ សូរិយា

   កណ្តាលៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ និងបានលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ នៅភាគខាងកើតរាជធានីភ្នំពេញ។

សម្តេចបានថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់គំរោងទីក្រុងរណបMekong QUAY នៅទីក្រុងអរិយក្សត្រនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ការអភិវឌ្ឍត្រូវយកចិត្តទុកដាក់ លើហេដ្ឋារចនាសម្ព័ន្ឋ ធ្វើផ្លូវឲ្យធំ ដែលក្រុមហ៊ុនសាងសង់ ទីក្រុងរណបលើទំហំផ្ទៃដី២១០ហិកតា គឺរក្សាទុកផ្ទៃដី១ភាគបី សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈជាការប្រសើរ។

សម្តេចបានបញ្ជាក់ថា “ប្រជាពលរដ្ឋរស់នៅមិនត្រឹមតែមានអាគារ មានកន្លែងស្នាក់នៅធម្មតាទេ តែឥលូវក៏គិតគូរដល់បរិស្ថានជុំវិញផងដែរ”។ សម្តេចបន្តថា “អញ្ចឹងការគិតគូរ លើសួនសាធារណៈ សួនបៃតង ក៏បានរៀបចំ ហើយរៀបចំកន្លែងលេងកីឡា គឺ​ជាការយកចិត្តទុកដាក់ ឲ្យប្រជាពលរដ្ឋរស់នៅគឺជាការល្អ”។

សម្តេចធិបតីបានបន្តថា បើនិយាយពីតម្លៃដីយើងឃើញច្រើន តែបើយើងគិតពីតម្លៃសេដ្ឋកិច្ច និងការរស់នៅ គឺផ្តល់ផលប្រយោជន៍ដល់កន្លែងវិនិយោគ។ សម្តេចបន្តថា នៅទីនេះ គឺត្រូវរៀបចំផែនការឲ្យបានល្អ ដោយសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីរៀបចំផែនការប្រើប្រាស់ដីធ្លីលំអិតថា តំបន់ណាតំបន់ពាណិជ្ជកម្ម តំបន់ណាតំបន់រស់នៅ តំបន់ណាតំបន់ពិព័ណ ពិសេសរៀបចំបណ្តាញផ្លូវសម្រាប់រថយន្តសាធារណៈឲ្យបានល្អ ព្រោះមធ្យោបាយសាធារណៈត្រូវតែមានផ្លូវធំទូលាយ ប៉ុន្តែបើជិះរថយន្តសាធារណៈនៅតែស្ទះជិះ តុក តុកស្រួលជាង។ នេះហើយជាការរៀបចំទីក្រុងថ្មី។

សម្តេចបន្តទៀតថា “ខ្ញុំសង្ឃឹមថាទិសខាងលិច និងទិសខាងកើត នឹងជាទីក្រុងថ្មី ហើយការរៀបចំទីក្រុងនេះ ត្រូវតែធ្វើឲ្យបានល្អ និងសម្រាប់ធ្វើជាគំរូដល់គំរោងអភិវឌ្ឍន៍ផ្សេងៗទៀត។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តទៀតថា “ខ្ញុំសូមលើកទឹកចិត្ត វិស័យឯកជនផ្សេងៗទៀត ចូលរួមអភិវឌ្ឍន៍នៅទិសខាងកើតឲ្យបានរីកចម្រើន”។ សម្តេចបន្តថា “ទាំងអស់នេះ មិនមែនជាការអភិវឌ្ឍត្រឹមសាងសង់អាគារទេ តែវាបានផ្តល់អត្ថប្រយោជន៍​ដល់ប្រជាពលរដ្ឋរបស់យើង ហើយប្រែក្លាយពីកន្លែងដែលដុះស្មៅចោល តែ១០ឆ្នាំទៀតជាកន្លែងដែលដុះអាគារ សួនសាធារណៈ មណ្ឌលសុខភាព ជាកន្លែង ដែលកូនចៅរបស់ប្រជាពលរដ្ឋ អាចឆ្លងកាត់ទៅមកបាន និងជាកន្លែងលើកកំពស់មុខមាត់ទីក្រុងរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here