សម្តេចធិបតីៈវិស័យអចលនទ្រព្យកំពុងងើបឡើងវិញបណ្តើរៗ

0

ដោយៈ ស៊ីវ ម៉េង

   កណ្តាលៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះវិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុន កសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ Mekong Quay City នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការវិនិយោគសាងសង់ គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្ស អំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។

សម្ដេចលើកឡើងថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារមិនអាចដើម្បីឲ្យកម្ពុជា ក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុ ងរឿង ជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រ​ទាប់យុវជននាពេលបច្ចុប្បន្ន។

សម្តេចបញ្ជាក់ទៀតថា “ការងារនេះ គឺជាការងា​រឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់បានលំនៅឋានសមរម្យ”។

ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា “Mekong Quay City នឹងរួមចំណែក បំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង”។

ជារួម តាមរយៈការជួយបង្កើនភាពសកម្ម ​នៃវិស័យ​អចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ក៏ដូចជាការជួយ​ផ្សព្វ​ផ្សាយវប្បធម៌ និងទេស​ចរណ៍របស់កម្ពុជាផង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្ម​ភាពសេដ្ឋកិច្ចផងដែរ។

សម្ដេចបានបង្ហាញសុទិដ្ឋិនិយមថា “ទៅថ្ងៃខាងមុខនៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗ មិនខុសខាងរាជធានីភ្នំពេញនោះឡើយ និងលើកទឹកចិត្តឲ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍ នៅភាគខាងកើតដងទន្លេមេគង្គផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here