ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងដាណាង (Da Nang) ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម គ្រោងនឹងពង្រីកយកដីទំហំ៣០០ហិកតាតាមរយៈការចាក់បំពេញដីទៅក្នុងសមុទ្រ ដើម្បីសាងសង់តំបន់ពាណិជ្ជកម្មសេរីពហុបំណងដំបូងបំផុតរបស់ប្រទេសនេះ។
ទីក្រុងដាណាង ដែលជាទីក្រុងធំជាងគេទី៣ នៅប្រទេសវៀតណាម បន្ទាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានដាក់សំណើទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិដើម្បីស្នើសុំបង្កើតតំបន់ពាណិជ្ជកម្មសេរី ដោយបានព្យាករណ៍ថា តំបន់នេះនឹងចូលរួមចំណែកចំនួន២៥% នៃទំហំសេដ្ឋកិច្ចរបស់ទីក្រុងដាណាងនៅឆ្នាំ២០៥០។
តំបន់នេះនឹងលាតសន្ធឹងលើផ្ទៃដីចំនួន២.៣១៧ហិកតា ដោយបូករួមទាំងផ្ទៃដីចាក់បំពេញទៅក្នុងសមុទ្រចំនួន៣០០ហិកតា។
-->
យ៉ាងណាមិញ ទីតាំងសម្រាប់ចាក់ដីបំពេញនៅមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងឡើយ ខណៈទីក្រុងដាណាងកំពុងធ្វើការសិក្សាយ៉ាងល្អិតល្អន់ដើម្បីបញ្ចប់ផែនការវិនិយោគ និងពេលវេលាកំណត់។

កន្លងទៅ ទីក្រុងដាណាងធ្លាប់បានចាក់បំពេញដីស្ថិតនៅសងខាងស្ពាន Thuan Phuoc សម្រាប់សាងសង់តំបន់ទីក្រុងថ្មី។
តំបន់ពាណិជ្ជកម្មសេរីក្រុងដាណាង ត្រូវបានគេរំពឹងថា នឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីពហុបំណងដំបូងបង្អស់របស់វៀតណាម ដែលរួមបញ្ចូលគ្នានូវមុខងារដូចជាកំពង់ផែ អាកាសយានដ្ឋាន និងសកម្មភាពឧស្សាហកម្មដែលតម្រង់ទិសលើការនាំចេញ។
រដ្ឋបាលទីក្រុងដាណាង រំពឹងថា តំបន់នេះនឹងគ្របដណ្តប់ចំណែកចាប់ពី៨%ទៅ៩% នៃទំហំសេដ្ឋកិច្ចរបស់ទីក្រុងដាណាងនៅឆ្នាំ២០៣០ និងចំណែក២៥% នៅឆ្នាំ២០៥០ និងបង្កើតឱកាសការងារចំនួន៤១.០០០កន្លែង និង១៣៧.០០០កន្លែងរៀងគ្នា។
គម្រោងបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang នេះត្រូវបានគេរំពឹងថា នឹងចំណាយដើមទុនវិនិយោគអស់សរុបចំនួន៤០,៣ទ្រីលានដុង(ប្រមាណ១,៥៨ពាន់លានដុល្លារអាមេរិក)៕ប្រភព: Vnexpress៕
