អ្នកវិភាគ: ការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសចិន កំពុងឈានដល់ទីបញ្ចប់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត South China Morning Post បានចុះផ្សាយថា ការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិនកំពុងឈានដល់ទីបញ្ចប់ ខណៈផ្នែកមួយចំនួននៃទីផ្សារអចលនទ្រព្យកំពុងបង្ហាញសញ្ញាវិជ្ជមានដ៏គួរឱ្យភ្ញាក់ផ្អើល។

តួយ៉ាង ការលក់ផ្ទះនៅទីក្រុងលំដាប់កំពូល ដូចជាទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំងកំពុងស្ទុះងើបឡើងវិញ ដែលការណ៍នេះបង្ហាញថា ប្រជាជនចិនកំពុងមានទំនុកចិត្តលើការវិនិយោគអចលនទ្រព្យជាថ្មីម្តងទៀត។

ការជំរុញគោលនយោបាយនៅក្នុងខែកញ្ញា និងការផ្លាស់ប្តូររចនាសម្ព័ន្ធពន្ធអចលនទ្រព្យកាលពីខែមុនបានជួយជំរុញការកើនឡើងដ៏ធំបំផុតនៃការលក់ផ្ទះនៅក្នុងខែវិច្ឆិកា។នេះបើយោងតាមទិន្នន័យផ្លូវការ។

ការស្ទុះងើបឡើងវិញនៃការលក់ផ្ទះថ្មីបានកើតមានឡើង ខណៈដែលក្រុមអតិថិជនបានសម្រុកទិញផ្ទះទាំងអស់នៅក្នុងគម្រោងលំនៅដ្ឋានប្រណីតមួយនៅទីក្រុងសៀងហៃកាលពីសប្តាហ៍មុន។

សញ្ញាវិជ្ជមានទាំងនេះកំពុងបង្កើនទំនុកចិត្តក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុងទីផ្សារអចលនទ្រព្យ ដោយលុបបំបាត់ភាពអាប់អួរ ដែលបានហ៊ុមព័ទ្ធទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិនអស់រយៈពេល៤ឆ្នាំកន្លងមកនេះ។

លោក Zhang Bo អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ 58 Anjuke បានលើកឡើងថា “ទីផ្សារបានដាំក្បាលចុះដល់បាត។ ហេតុនេះ ទីផ្សារនឹងមិនធ្លាក់ចុះបន្ថែមទៀតទេ ខណៈគោលនយោបាយលក់អចលនទ្រព្យបច្ចុប្បន្ន មានភាពធូររលុងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ”។

ទីក្រុងសៀងហៃបានកត់ត្រាការលក់ផ្ទះចំនួន២៧០.៥០០យូនីតនៅក្នុងខែវិច្ឆិកា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤៤ខែ ខណៈទីក្រុង Shenzhen សម្រេចបានការលក់ផ្ទះដាច់បំផុតក្នុងរយៈពេល៤ឆ្នាំ ចំនួន៨.១០៩យូនីត។

ដោយឡែក ការលក់ផ្ទះនៅទីក្រុងប៉េកាំង សម្រេចបានចំនួន១៨.៧៦៣យូនីតក្នុងខែវិច្ឆិកា។ ចំនួននេះមានការកើនឡើង៥០ភាគរយបើធៀបនឹងឆ្នាំមុន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here