ដោយៈ និស្ស័យ
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក សាយ សំអាល់បានថ្លែងថា ដើម្បីយើងទាំងអស់គ្នាទទួលបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី។
លោកបញ្ជាក់កាលពីថ្ងៃទី១៦ ធ្នូក្នុងកម្មវិធីមួយថា ត្រូវផ្តើមគិតពីការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់លំនៅឋានរបស់ប្រជាជនកម្ពុជា។
-->

ចំពោះកិច្ចការនគរូបនីយកម្មនៃទីប្រជុំជន ចាំបាច់គឺត្រូវផ្តើមចេញពីការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដៃគូសហការ អ្នកប្រកបវិជ្ជាជីវៈក្នុងអាជីពសំណង់ ជាមូលដ្ឋាន មុននឹងចាប់ផ្តើមគិតគូរពីការរៀបចំក្របខណ្ឌច្បាប់ បទដ្ឋានសំណង់ ការគ្រប់គ្រង និងយន្តការគ្រប់គ្រងសំណង់ ការបង្កើនគុណភាព និងការផ្តល់សេវាសាធាណៈ ការធានានូវគុណភាព និងសុវត្ថិភាពសំណង់ ការប្រើប្រាស់បរិក្ខារ និងសំភារសំណង់ ការតាមដាន និងគ្រប់គ្រប់សំណង់ដែលមានស្ថានភាពគ្រោះថ្នាក់ ជាដើម។
លោកបន្តថា “ទាំងអស់នោះ គឺដើម្បីសំដៅធានាឱ្យមាននិរន្តភាព សម្រាប់ដំណើរការឧស្សាហកម្មនានា ក្នុងគោលបំណងលើកស្ទួយស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា រួមមាន ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អផ្ទះ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុក្នុងសង្គមជាដើម”៕
