តម្លៃជួលអាផាតមុិននៅទីក្រុងតូក្យូធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងខែវិច្ឆិកា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិនជាមធ្យមនៅក្នុងតំបន់ទីក្រុងតូក្យូ(Greater Tokyo) បានធ្លាក់ចុះ០,៩% នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បើធៀបនឹងខែតុលា ដោយធ្លាក់ចុះរយៈពេលប្រាំខែជាប់ៗគ្នាពីកម្រិតខ្ពស់បំផុត។

យោងតាមតួលេខពីក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ Tokyo Kantei បានឱ្យដឹងថា តម្លៃជួលអាផាតមុិនជាមធ្យមបានធ្លាក់ចុះមកនៅត្រឹមចំនួន៣.៥៣៥យ៉េន (ប្រហែល២២,៩៤ដុល្លារ) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកក្កដា ឆ្នាំមុន។

ក្នុងខែមិថុនា តម្លៃជួលអាផាតមុិនជាមធ្យមនៅតំបន់ទីក្រុងតូក្យូបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការប្រមូលទិន្នន័យត្រូវបានចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០០៤។

តម្លៃជួលអាផាតមុិនជាមធ្យមក្នុងទីក្រុងតូក្យូទាំងមូលបានធ្លាក់ចុះ០,៣% មកនៅត្រឹមចំនួន៤.១២០យ៉េន ខណៈតម្លៃជួលអាផាតមុិនជាមធ្យមនៅចំកណ្តាលទីក្រុង បានធ្លាក់ចុះ០,២% ដល់ចំនួន៤.២៥៧យ៉េន។

ដោយឡែក តម្លៃជួលអាផាតមុិនជាមធ្យមនៅក្នុងបណ្តាខេត្តជាប់ទីក្រុងតូក្យូ ដូចជាខេត្ត Kanagawa និងខេត្ត Saitama បានធ្លាក់ចុះ២,២% និង១,៥%រៀងគ្នា។ ផ្ទុយទៅវិញ តម្លៃជួលជាមធ្យមនៅក្នុងខេត្ត Chiba បានកើនឡើង១,១%។

លោក Masayuki Takahashi អ្នកវិភាគនៅក្រុមហ៊ុន Tokyo Kantei បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០២៣មក ការជួលអាផាតមុិននៅទីក្រុងតូក្យូត្រូវបានជំរុញ ដោយការផ្លាស់ទីលំនៅត្រឡប់ទៅកាន់តំបន់កណ្តាលទីក្រុង ខណៈបុគ្គលិកនានាចាប់ផ្តើមធ្វើការនៅការិយាល័យឡើងវិញ៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here