ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ បានសម្តែងការយល់ឃើញស្រដៀងគ្នាថា តំបន់ភាគខាងកើតរាជធានីភ្នំពេញ នឹងមានការអភិវឌ្ឍកាន់តែលឿន បន្ទាប់ពីទីក្រុងរណបMekong Quayបានបើកការដ្ឋានសាងសង់ជាផ្លូវការ។
អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៧ ធ្នូកន្លងមកថា ជាទូទៅនៅពេលមានគំរោងធំៗណាមួយសាងសង់ នឹងធ្វើឲ្យតម្លៃដីកើនឡើង ហើយម្យ៉ាងទៀតតំបន់នេះ ជាតំបន់ដែលមានសក្តានុពលស្រាប់ គឺរង់ចាំតែស្ពាន និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត។
-->
លោកបន្តថា “តាមព័ត៌មានដែលខ្ញុំលឺមក គឺគំរោងស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងសាងសង់នាពេលឆាប់ៗខាងមុខ”។ លោកបន្តថា “ហេតុនេះបើស្ពានសាងសង់រួច តំបន់អរិយក្សត្រជាតំបន់ល្អខ្លាំង ព្រោះ ការធ្វើដំណើរចំណាយពេលត្រឹម១០ ទៅ២០នាទី អាចដល់កណ្តាលទីក្រុង”។

លោកឌិត ចណ្ណាបានបន្តថា តំបន់កោះពេជ្រ តំបន់កោះនរា មានការធភិវឌ្ឍខ្លាំង អញ្ចឹងនៅពេលគំរោងទីក្រុងថ្មី ដំណើរការអភិវឌ្ឍ ច្រើន តំបន់នេះបើកដំណើរការក៏កៀកគ្នា។ ហេតុនេះគំរោងអភិវឌ្ឍន៍នេះ នឹងមានភាពជោគជ័យខ្លាំង និងធ្វើឲ្យតំបន់នេះ មានភាពទាក់ទាញសម្រាប់ការវិនិយោគ”។
ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា បើនិយាយពីជាប់មាត់ទន្លេរ តំបន់នេះជាតំបន់កណ្តាលក្រុង ហើយបើយើងឈរពីកោះនរា សម្លឹងមកកាន់ផ្នែកម្ខាងទៀត គឺពិតជាស្រស់ស្អាតណាស់។

លោកស្រីបន្តថា “គំរោងនៃការអភិវឌ្ឍទីក្រុងថ្មីនេះ វាជាតម្រុយ ដែលធ្វើឲ្យវិស័យអចលនទ្រព្យ មានភាពរីកចម្រើនបណ្តើរៗ”។ លោកស្រីបន្តថា “ទីក្រុងMekong Quay មិននៅឆ្ងាយទេ វាស្ថិតនៅក្បែរបេះដូងនៃទីក្រុងរបស់យើង ដែអាចជះឥទ្ឋិពលដល់តំបន់អរិយក្សត្រ កាន់តែរីកចម្រើនបន្ថែមទៀត”។
លោកស្រីតាំង ហួរបានបន្តថា បើមានស្ពានខាងកូរ៉េជួយ នឹងធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃ និងយិតយោងការអភិវឌ្ឍនៅតំបន់នេះ ហើយបុរីជាច្រើន នឹងមានវត្តមាននៅតំបន់នេះបន្ថែមទៀត។ លោកស្រីបន្តថា គំរោងនេះ នឹងរួមចំណែកទាក់ទាញអ្នកវិនិយោគអន្តរជាតិចូលមកបន្ថែមទៀត ដែលនឹងជួយអភិវឌ្ឍន៍នៅប៉ែខាងកើត កាន់តែប្រសើរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀបបានមានប្រសាសន៍ឲ្យដឹងបន្ថែមថា លោកបានមើលឃើញសក្តានុពលអចលនទ្រព្យ នៅប៉ែកខាងកើតរាជធានីនឹងមានភាពល្អប្រសើរ ហើយយើងមានទន្លេរបួនមុខ ដែលយើងតែងលើកឡើងពីទីក្រុងចតុមុខ។ បច្ចុប្បន្នការអភិវឌ្ឍន៍មានច្រើននៅទន្លេរសាប និងទន្លេរបាសាក់ ដោយឡែកតំបន់ជាប់ទន្លេរមេគង្គលើ ដែលមិនសូវមានការអភិវឌ្ឍ នឹងមានសក្តានុពលនៃការអភិវឌ្ឍបន្តទៀត។

លោកបន្តថា “ការសាងសង់ទីក្រុងថ្មីនេះ នឹងជួយវិស័យអចលន្រព្យច្រើន ពិសេសជួយដល់តំបន់ប៉ែកខាងកើតរាជធានី”។ លោកបន្ថែមថា “ខ្ញុំជឿថានៅថ្ងៃអនាគត នឹងមានការអភិវឌ្ឍថ្មីៗកាន់តែច្រើន បន្ទាប់ពីមានស្ពានសាងសង់រួច ហើយក៏ជាការជួយឲ្យរាជធានី ក្លាយជាតំបន់ដែលមានការអភិវឌ្ឍពេញលេញ និងជួយវិស័យវិស័យអចលនទ្រព្យកាន់តែមានភាពប្រសើរឡើង”។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ទីក្រុងMekong Quay កាលពីថ្ងៃទី១៧ ធ្នូថា លោកបានស្នើឲ្យវិស័យឯកជនសិក្សាពីលទ្ឋភាពសាងសង់ស្ពានខាងលើ ឬក្រោមទឹកតភ្ជាប់ពីទីក្រុងកោះនរា មកកាន់ទីក្រុងថ្មីនេះ ប៉ុន្តែលោកបានលើកទឹកចិត្ត ឲ្យមានការសាងសង់ស្ពានក្រោមទឹកកាន់តែប្រសើរ”៕