ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន៦ភាគរយ ក្នុងឆ្នាំ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់៦.៧ភាគរយ ក្នុងឆ្នាំ២០២៥។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
-->
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ទោះបីមានការបន្ទច់បង្អាក់ នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជាក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចកើនឡើងក្នុងរង្វង់៦.៧% ក្នុងឆ្នាំ២០២៥ ដែលការណ៍នេះ បង្ហាញអំពីអនាគតសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាវាកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានច្បាមយកមកវិញនូវសន្តិភាពពេញលេញជូនប្រជាជន ដែលជាគុណតម្លៃស្នូល នៃការចាប់ផ្តើមឡើងវិញ ក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិដ៏បវរនៃយើងទាំងអស់គ្នា រហូតមកដល់បច្ចុប្បន្ន។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារកត្តាសន្តិភាពនេះហើយ សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានវិវត្តទៅជា សេដ្ឋកិច្ចទំនើប និងអាចបន្សំខ្លួន ក្នុងសមាហរណកម្មសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។
ជាក់ស្តែងមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល២ទសវត្សរ៍។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា តាមរយៈ”នយោបាយឈ្នះ-ឈ្នះ” ឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជា ជួបនូវសុខសន្តិភាពពេញថ្លៃផ្ទៃប្រទេស ដែលសន្តិភាពនេះ បាននាំមកនូវចលនាទេសចរណ៍ ដោយកម្ពុជា ទទួលបានភ្ញៀវទេសចរកើនឡើងពីប្រមាណ ២៩ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ រហូតដល់៦.៦លាននាក់ ក្នុងឆ្នាំ២០១៩។
សម្តេចតេជោ បានថ្លែងថា បើទោះបីជាកំណើនទេសចរណ៍ត្រូវថមថយចុះ នៅក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ យើងឃើញថា សម្រាប់រយៈពេល១០ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណជា៥,១៤ លាននាក់ កើនឡើងប្រមាណជា ២១.៦% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ ដែលតួលេខនេះទៀតសោត បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពធន់ នៃវិស័យទេសចរណ៍ ដែលបាននឹងកំពុងវិវត្តន៍ទៅរកកំណើន ស្មើនឹងមុនពេលនៃវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងន័យនេះ យើងអាចសន្និដ្ឋានបានថា សន្តិភាព និងការអភិវឌ្ឍ គឺជាចុងខ្សែពីរ នៃចំណងតែមួយ មានន័យថា បើគ្មានសន្តិភាព មិនអាចអភិវឌ្ឍន៍បានទេ ហើយបើគ្មានការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ក៏មិនអាចមានមូលដ្ឋានក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឱ្យនៅគង់វង្សបានដែរ។
សម្តេចតេជោ ហ៊ុន សែន បន្ដទៀតថា នេះជាតថភាព ជាក់ស្តែង និងជាក្រឹត្យក្រមសត្យានុម័ត ដែលមន្ត្រីបក្សត្រូវយល់ដឹង និងខិតខំបំពេញការងារ ទាំងក្នុងក្របខណ្ឌ បក្ស និងរដ្ឋ ដោយតម្កល់បុព្វហេតុ ទស្សនៈ គោលជំហរ ក្នុងការរួមគ្នាការពារសន្តិភាព និងជំរុញការអភិវឌ្ឍនៅកម្ពុជា។
សម្តេចបញ្ជាក់ទៀតថា “មានសន្តិភាព ទើបពលរដ្ឋមានសិទ្ធិសេរីភាព មានសន្តិភាព ទើបប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនទៅបាន”៕
