តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសម៉ាឡេសុី កើនឡើងដល់ចំនួនជាង១០៦.០០០ដុល្លារក្នុងឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានរបស់ប្រទេសម៉ាឡេសុីនៅតែមានភាពធន់ និងស្ថិរភាពពេញមួយឆ្នាំ២០២៤ ដោយសារតម្រូវការកើនឡើងឆាប់រហ័ស និងការបើកសម្ពោធគម្រោងថ្មីៗ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន។

តម្លៃផ្ទះជាមធ្យមនៅម៉ាឡេសុីក្នុងឆ្នាំ២០២៤ មានទំហំទឹកប្រាក់ចំនួន៤៧៥.១២៦រីងហ្គីត(ប្រមាណ១០៦.៣០៤ដុល្លារអាមេរិក)ក្នុងមួយយូនីត កើនឡើង០,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

កំណើននេះគូសបញ្ជាក់អំពីស្ថិរភាពទីផ្សារ ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានបញ្ជាក់ប្រាប់សារពត៌មាន Bernama ថា ទីផ្សារអចលនទ្រព្យលំនៅដ្ឋានបានដើរតួយ៉ាងសំខាន់។

លោក​បាន​មានប្រសាសន៍ឱ្យដឹងបន្ត​ថា​ “ប្រតិបត្តិការ​ទិញ-លក់លំនៅដ្ឋាន​បានគ្រប់គ្រងចំណែក៥០ភាគរយ​នៃ​ទំហំទឹកប្រាក់​សរុប និងគ្រប់គ្រងចំណែក៦៣ភាគរយ​នៃ​ចំនួនប្រតិបត្តិការ​ទិញ-លក់អចលនទ្រព្យ​ទូទៅសរុបទាំងអស់​​ក្នុង​ឆ្នាំ​នេះ​”។

ភាពសុទិដ្ឋិនិយមក្នុងចំណោមបណ្តាអ្នកអភិវឌ្ឍន៍អាចឆ្លុះបញ្ចាំងបានតាមរយៈការផ្តួចផ្តើមគម្រោងថ្មីៗ ដែលមានចំនួនលំនៅដ្ឋានជាង៣២.០០០យូនីត នៅត្រីមាសទី៣ កើនឡើង៥០ភាគរយធៀបនឹងត្រីមាសទី២។

លោក Kashif បានបន្ថែមថា អ្នកអភិវឌ្ឍន៍មិនត្រឹមតែចាប់ផ្តើមគម្រោងថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រគល់ផ្ទះ ដែលបានសាងសង់រួចរាល់ទៅឱ្យអតិថិជនជាលំដាប់ ដោយធានាឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ។

ទោះបីជាសេដ្ឋកិច្ចពិភពលោកបន្តជួបប្រទះបញ្ហាប្រឈមយ៉ាងណាក្តី លោក Abdul Razak អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវាយតម្លៃអចលនទ្រព្យ (JPPH) ជឿជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលរដ្ឋាភិបាលម៉ាឡេសុីបានបោះទុនវិនិយោគ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យ៕ប្រភព: Bernama៕

LEAVE A REPLY

Please enter your comment!
Please enter your name here