គ្រួសារអភិជនចំនួន២ក្នុងតំបន់អាស៊ានជាប់ឈ្មោះក្នុងបញ្ជីគ្រួសារមានទ្រព្យសម្បត្តិច្រើនបំផុតទាំង២៥ នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងតំបន់អាស៊ាន មានតែគ្រួសារចំនួនពីរប៉ុណ្ណោះ បានជាប់ឈ្មោះនៅក្នុងបញ្ជីគ្រួសារចំនួន២៥ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោករបស់ទស្សនាវដ្ដី Bloomberg ដ៏ល្បីល្បាញ។

ទី១: គ្រួសារ Hartono ក្នុងប្រទេសឥណ្ឌូនេសុី។

គ្រួសារ Hartono ម្ចាស់ក្រុមហ៊ុនខ្នាតយក្ស Djarum Group របស់ប្រទេសឥណ្ឌូនេស៊ី មានទ្រព្យសម្បត្តិចំនួន៤៧ពាន់លានដុល្លារអាមេរិក និងជាប់ចំណាត់ថ្នាក់ទី១៧ ក្នុងបញ្ជីគ្រួសារចំនួន២៥ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

ក្នុងឆ្នាំ១៩៥១ លោក Oei Wie Gwan ស្ថាបនិកដំបូងនៃអាណាចក្រក្រុមហ៊ុនយក្ស Djarum Group បានទិញក្រុមហ៊ុនបារីមួយ ដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ហើយលោកបានប្តូរឈ្មោះក្រុមហ៊ុននោះទៅជា“Djarum”។

អាជីវកម្មនេះបានរីកម្រើនទៅមុខរហូតបានក្លាយជាក្រុមហ៊ុនផលិតបារីឈានមុខគេមួយរបស់ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីលោក Oei បានទទួលមរណភាពក្នុងឆ្នាំ១៩៦៣ កូនប្រុសរបស់លោកទាំង២ រួមមានលោក Michael Hartono និងលោក Budi Hartono បានចាប់ផ្តើមដាក់ទុនវិនិយោគនៅក្នុងធនាគារ Bank Central Asia ដែលបានក្លាយជាប្រភពដ៏ធំបំផុតនៃទ្រព្យសម្បត្តិរបស់គ្រួសារនេះចាប់តាំងពីពេលនោះមក។

គ្រួសារនេះក៏បានបោះទុនដើម្បីធ្វើការអភិវឌ្ឍន៍គម្រោង Grand Indonesia ដែលជាផ្សារទំនើបដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

បច្ចុប្បន្ននេះ លោក Budi មានទ្រព្យសម្បត្តិចំនួន២៣ពាន់លានដុល្លារ ខណៈលោក Michael មានទ្រព្យសម្បត្តិចំនួន២២ពាន់លានដុល្លារ។ អ្នកទាំង២ស្ថិតក្នុងចំណោមមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទាំង១០០រូប នៅលើពិភពលោក។

ទី២: គ្រួសារ Chearavanont ក្នុងប្រទេសថៃ។

គ្រួសារ Chearavanont មានទ្រព្យសម្បត្តិសរុបចំនួន៤៤,១ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងបញ្ជី។

គ្រួសារលំដាប់អភិជនមួយនេះបានអភិវឌ្ឍន៍ក្រុមហ៊ុន Charoen Pokphand Group (CP Group) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមបណ្តាក្រុមហ៊ុនធំជាងគេបំផុតរបស់ប្រទេសថៃ។

គិតមកទល់ពេលបច្ចុប្បន្ន គ្រួសារ Chearavanont បានវិវត្តន៍បន្តចំនួន៤ជំនាន់មកហើយ ដោយផ្តើមចេញពីលោក Chia Ek Chor ដែលបានចាកចេញពីភូមិកំណើត ដែលរងគ្រោះ ដោយសារព្យុះទីហ្វុងនៅភាគខាងត្បូងប្រទេសចិន ក្នុងឆ្នាំ១៩២១ ហើយបានចាប់ផ្តើមជីវិតថ្មីនៅក្នុងប្រទេសថៃ ដោយលក់គ្រាប់ពូជបន្លែ។

រយៈពេល១០០ឆ្នាំក្រោយមក កូនប្រុសរបស់លោក Chia Ek Chor ដែលមានឈ្មោះថា លោក Dhanin Chearavanont មានតួនាទីជាប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន CP Group ដែលជាក្រុមហ៊ុនគ្របដណ្តប់លើអាជីវកម្មជាច្រើនដូចជា អាហារ ការលក់រាយ និងទូរគមនាគមន៍៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here