អគារខ្ពស់ជាងគេបំផុតប្រចាំតំបន់អឺរ៉ុបខាងលិច នឹងលេចរូបរាងឡើងនៅក្នុងទីក្រុងឡុងដ៍របស់អង់គ្លេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយកាសែត CNN បានឱ្យដឹងថា រដ្ឋបាលទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេស បានអនុម័តផែនការសាងសង់អគារខ្ពស់កប់ពពកមួយដែលមានឈ្មោះថា“1 Undershaft”។

គម្រោងអគារ“1 Undershaft”ត្រូវបានស្នើសាងសង់ឡើងក្នុងកម្ពស់៣០៩,៦ម៉ែត្រ ដូចគ្នាទៅនឹងកម្ពស់អគារ Shard របស់ទីក្រុងឡុងដ៍ ដែលជាអគារខ្ពស់ជាងគេបំផុតប្រចាំនៅតំបន់អឺរ៉ុបខាងលិច។

គម្រោងនេះត្រូវបានអនុម័ត បន្ទាប់ពីផែនការចាស់ត្រូវបានកែសម្រួលឡើងវិញ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះតម្រូវការការិយាល័យ ក្រោយពីការបញ្ចប់ទៅនៃជំងឺរាតត្បាតសកល។នេះ​បើ​យោងតាម​ការឱ្យដឹងពីអាជ្ញាធរ​មូលដ្ឋាន​ក្រុង​ឡុងដ៍​។

គម្រោងអគារដែលមានឈ្មោះជាផ្លូវការថា “1 Undershaft” នេះធ្លាប់ត្រូវបានអនុម័តម្តងរួចមកហើយកាលពីឆ្នាំ២០១៦។ ប៉ុន្តែ អគារនេះមិនទាន់ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់ទេ។

ការអនុម័តជាថ្មីនៅឆ្នាំ២០២៤នេះជាសញ្ញាមួយបង្ហាញថា ក្រុមមន្ត្រីទទួលបន្ទុករៀបចំផែនការទីក្រុងឡុងដ៍នៅតែបន្តដាក់ក្តីសង្ឃឹមលើទីផ្សារការិយាល័យ ទោះបីជាទីផ្សារនាពេលបច្ចុប្បន្នកំពុងដាំក្បាលចុះយ៉ាងណាក្តី។

ប្រសិនបើត្រូវបានសាងសង់ឡើងពិតមែន គម្រោងអគារកម្ពស់៧៣ជាន់នេះនឹងមានផ្ទៃក្រឡាការិយាល័យចំនួន១៥៤.១៥៦ម៉ែត្រការ៉េ ព្រមទាំងមានតំបន់សម្រាប់ការអប់រំកុមារនៅជាន់ទី៧២ និងទី៧៣ និងសួនច្បារសាធារណៈ។

ទីផ្សារការិយាល័យនៅទីក្រុងឡុងដ៍បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការដំឡើងអត្រាការប្រាក់ និងបរិបទបំពេញការងារពីផ្ទះ ក្រោយវិបត្តិជំងឺរាតត្បាតសកល។ ប៉ុន្តែ ផ្នែកការិយាល័យប្រណីតនៅតែមានតម្រូវការ។

ជាមួយគ្នានេះ ការចាប់ផ្តើមសាងសង់អគារការិយាល័យថ្មីៗនៅក្នុងទីក្រុងឡុងដ៍នាពេលថ្មីៗនេះបានកើនឡើង៧ភាគរយ នៅចន្លោះខែមេសា និងខែកញ្ញាឆ្នាំ២០២៤។នេះបើយោងតាមការស្ទង់មតិដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ Deloitte៕ប្រភព: CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here