រដ្ឋបាលខេត្តចុះពិនិត្យគំរោងវិនិយោគចំនួនបីដែលមានទុនជាង១០០០លានដុល្លារអាមេរិក

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ មន្រ្តីរដ្ឋបាលខេត្ត និងក្រុមថ្នាក់ដឹកនាំការងារជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ បានចុះពិនិត្យថែរទាំគំរោងវិនិយោគចំនូន៣ ដែលមានទុនវិនិយោគជាង១០០០លានដុល្លារអាមេរិក។

ក្នុងយន្តការថែទាំវិនិយោគិន លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសមាជិកនៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចូលរួមជាមួយ លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យគម្រោង ដែលបានទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅទីតាំងចំនួន៣ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប១.០៤០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥.៧៥៥កន្លែង

គំរោងចំនួនបីនោះ រួមមាន ទី១. គម្រោងសណ្ឋាគារផ្កាយ៥ និង អគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ទី២ គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. ទី៣គម្រោងរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា និងគ្រឿងបង្គុំរបស់ ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD។

លោកអភិបាលរង បានលើកឡើងថា ការចុះពិនិត្យគម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយនេះ មានគោលបំណង ដើម្បីតាមដាន និងជំរុញការអនុវត្តគម្រោង និងស្តាប់ពីវឌ្ឍនភាពអនុវត្តគម្រោង សំណូមពរ និងជាពិសេសបញ្ហាប្រឈមនានា ពីវិនិយោគិនដោយផ្ទាល់។

លោកបញ្ជាក់ថា “ការចុះពិនិត្យនេះ គឺជាភារកិច្ចសំខាន់ដែលរដ្ឋបាលខេត្តក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងក្រុមការងារត្រូវបំពេញនិងកំពុងបន្តអនុវត្តជាប់ជាប្រចាំ”។ លោកបន្តថា “បន្ថែមពីលើការទាក់ទាញការវិនិយោគ ភារកិច្ចសំខាន់មួយទៀតរបស់យើងគឺ ស្វែងយល់អំពីបញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីមានលទ្ធភាពផ្តល់ដំណោះស្រាយ និងការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និងបង្កើតបរិយាកាសវិនិយោគកាន់តែល្អប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here