ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញទាក់ទាញវិនិយោគក្នុងវិស័យអាទិភាព ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋាន ឧស្សាហកម្មនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ។
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ “កិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព”។
-->

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី តំណាងកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ៤០រូប។
កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងសម្រេចជ្រើសរើសវិស័យអាទិភាពចម្បង សម្រាប់ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយបច្ចេកទេសរបស់អូស្រ្តាលី តាមរយៈកម្មវិធីCAPRED។

យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់ចេញសកម្មភាពជាក់លាក់ដែលអាចអនុវត្តបាន ដោយផ្តោតជាចម្បងលើការកំណត់ វិស័យអាទិភាព ការគាំទ្រនិងកិច្ចសម្រួលដល់វិនិយោគិន ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាពពីនិន្នាការដែលបាន និងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល។
ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូរបស់ស្ថានទូតអូស្រា្តលី ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ លើការសហការរៀបចំយុទ្ធសាស្រ្តនេះជាមួយកម្មវិធី CAPRED ដោយហេតុថាឯកសារយុទ្ធសាស្ត្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ដល់កម្មវិធី CAPRED ឱ្យផ្តល់អាទិភាពស្វែងរកព័ត៌មាន អំពីក្រុមហ៊ុនសក្ដានុពល ដែលមានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋាន ផលិតកម្មមកកាន់តំបន់អាស៊ាន, ព្រមទាំងសិក្សាស៊ីជម្រៅ លើយុទ្ធសាស្រ្តគាំទ្រដល់វិស័យកសិ-ឧស្សាហកម្មកម្ពុជា និងសាកល្បងសិក្សាសមិទ្ធិលទ្ធភាពក្នុងការកំណត់យកវិស័យភស្ដុភារកម្ម ជាវិស័យអាទិភាពមួយបន្ថែមទៀតសម្រាប់យុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល៣ឆ្នាំ។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូតរង បានសម្តែងនូវសេចក្តីសោមនស្ស និងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ជាពិសេសកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូតរង មានសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយឯកសារផ្ទៃក្នុងយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការទាក់ទាញវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា៕