ដោយ: គង់ លាងហួរ
អន្តរជាតិ: ថ្មីៗនេះ ក្រុមហ៊ុន Sun Group បានបើកការដ្ឋានសាងសង់អគារ “Aspira Tower” នៅលើកោះ Hon Thom ក្នុងតំបន់ប្រជុំកោះភូកុក (Phu Quoc) ប្រទេសវៀតណាមក្រោមទំហំទុនវិនិយោគចំនួន១៣ទ្រីលានដុង (ប្រមាណ៥១២លានដុល្លារ)។
គម្រោងនេះមានទីតាំងនៅលើឆ្នេរ Bai Trao ក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ី Sun Paradise Land ដែលត្រូវបានរចនាឡើងដើម្បីតំណាងឱ្យទូកក្តោងដ៏ធំមួយ ដោយយកលំនាំស្រដៀងគ្នានឹងសណ្ឋាគារផ្កាយ៥ “Burj Al Arab” របស់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
នៅពេលសាងសង់រួចរាល់ អគារកម្ពស់២២០ម៉ែត្រនេះនឹងក្លាយជារមណីយដ្ឋានប្រណីត កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្ម ក្នុងគោលបំណងប្រែក្លាយប្រជុំកោះ Phu Quoc ទៅជាគោលដៅទេសចរណ៍ឈានមុខគេ។
-->

លោក Nguyen Thanh Nhan អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង (Kien Giang) បានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះក្នុងការពង្រឹងភាពទាក់ទាញរបស់កោះ Phu Quoc។
លោកបានអះអាងថា “ការស្ថាបនាអគាររាងទូកក្តោងយក្សនេះមានទិសដៅស្របតាមចក្ខុវិស័យរបស់ខេត្តគៀនយ៉ាងក្នុងការបង្កើនសក្តានុពលរបស់កោះ Phu Quoc សំដៅទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ដែលនិយមចំណាយប្រាក់ច្រើន និងពង្រឹងវត្តមានរបស់វៀតណាមនៅក្នុងទីផ្សារទេសចរណ៍ក្នុងតំបន់ និងពិភពលោក”។
អគារ Aspira Tower នឹងចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាមួយគម្រោងសំខាន់ៗផ្សេងទៀតរបដស់ក្រុមហ៊ុន Sun Group នៅកោះ Phu Quoc ដូចជា កន្ត្រកយោងដោយខ្សែកាបលើអាកាសវែងជាងគេលើពិភពលោក(Hon Thom Cable Car) ដែលមានចំនួន៣ខ្សែ។

ចំណែក ស្ពាន “Love Bridge”និងអគារ Sunset Town ក៏ត្រូវបានធ្វើការអភិវឌ្ឍន៍ដោយក្រុមហ៊ុនSun Group ផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានគោលបំណងធ្វើឱ្យកោះ Phu Quoc ក្លាយជាគោលដៅប្រកួតប្រជែងទេសចរណ៍ប្រណីត៕ប្រភព: Vnexpress៕