ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនកំពុងសម្រុកជីកកកាយដីភ្នំ ដើម្បីធ្វើការសាងសង់ផ្លូវហាយវេក្រោមដីវែងជាងគេលើពិភពលោក។ នេះជាគម្រោងដ៏មានមហិច្ឆតាស្ថិតក្រោមទំហំទុនវិនិយោគចំនួន៣ពាន់លានផោន(ប្រហែល៣,៧៥ពាន់លានដុល្លារ)។
គម្រោងផ្លូវរូងក្រោមដីនេះមានឈ្មោះថា “Tianshan Shengli”។ នៅពេលសាងសង់រួចរាល់ ផ្លូវនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងកាត់ជួរភ្នំដ៏វែងបំផុតមួយនៅក្នុងពិភពលោក។
ផ្លូវរូងក្រោមដីនេះគ្រោងនឹងបើកឱ្យធ្វើចរាចរណ៍នៅខែតុលា ឆ្នាំ២០២៥ខាងមុខ ហើយនឹងកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងកាត់ភ្នំ Tianshan មកត្រឹមប្រហែល២០នាទី។
-->

ចំណែក ការធ្វើដំណើរពីទីក្រុង Urumqi ទៅកាន់ទីក្រុង Korla ដែលជាបណ្តាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេបំផុតក្នុងតំបន់សុីនជាំង នឹងត្រូវកាត់បន្ថយពីជាង៧ម៉ោងមកនៅត្រឹមប្រហែល៣ម៉ោង។
នៅពេលបញ្ចប់ការសាងសង់ កំណាត់ផ្លូវរូងក្រោមដីត្រូវបានគេរំពឹងថា នឹងមានប្រវែងសរុបចំនួន១៣,៧ម៉ាយ (ប្រហែល២២,១គីឡូម៉ែត្រ)។នេះបើយោងតាមកាសែត South China Morning Post។
លោក Xu Tianchen សេដ្ឋវិទូប្រចាំអង្គភាព The Economist Intelligence Unit បានលើកឡើងថា “គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការធ្វើពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់សុីនជាំង”។

លោក Xu បានបន្ថែមថា ខណៈប្រទេសចិនកំពុងកសាងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយតំបន់អាស៊ីកណ្តាល តំបន់សុីនជាំងនឹងក្លាយជាទីផ្សារសំខាន់កាន់តែខ្លាំងឡើង ព្រោះការដឹកជញ្ជូនទំនិញចិនទៅកាន់តំបន់អាស៊ីកណ្តាលត្រូវឆ្លងកាត់តានតំបន់សុីនជាំង។
ជាក់ស្ដែង រដ្ឋាភិបាលចិនគ្រោងនឹងបង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនដើម្បីជំរុញការតភ្ជាប់ទៅកាន់តំបន់អាសុីកណ្តាល រួមទាំងការសាងសង់ផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានជាដើម។

លោក Xu បានអះអាងថា “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីចិនលោក សុី ជីនពីង ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើហានិភ័យនៃប្រតិបត្តិការ និងផលចំណេញត្រឡប់មកវិញពីការវិនិយោគ”។
ក្នុងន័យនេះ តំបន់អាស៊ីកណ្តាលមានសក្តានុពលសម្រាប់ប្រទេសចិន ជាពិសេសតំបន់នេះមានទុនបម្រុងថាមពលដ៏ច្រើនសន្ធឹកសន្ធាប់ និងស្ថានភាពសន្តិសុខល្អប្រសើរ៕ប្រភព:The Sun៕

