តើដីនៅតាមខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញមានតម្លៃបែបណានៅឆមាសទី២?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: តម្លៃដីធ្លីនៅរាជធានីភ្នំពេញបានបន្តមានភាពខុសយ៉ាងខ្លាំងនៅតាមខណ្ឌនីមួយៗក្នុងឆមាសទី២ ឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia។

តួយ៉ាង តម្លៃ​ដី​ជា​មធ្យម​នៅខណ្ឌដូនពេញ ដែលជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុតរបស់រាជធានីភ្នំពេញ បាន​បន្តមានស្ថិរភាព​ចាប់​ពី៣.០០០ដុល្លារ​ដល់៨.៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េនៅឆមាសទី២។

ស្រដៀងគ្នានេះ តម្លៃដីជាមធ្យមនៅខណ្ឌចំការមន ដែលជាតំបន់ប្រមូលផ្តុំគ្នាដោយអចលនទ្រព្យលំនៅដ្ឋាន និងអាជីវកម្ម មានទំហំទឹកប្រាក់ចាប់ពី២.៥០០ដុល្លារទៅ៥.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមគ្នានោះ ខណ្ឌទួលគោក និងខណ្ឌសែនសុខ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកអភិវឌ្ឍន៍ ដោយដីនៅខណ្ឌទួលគោកមានតម្លៃជាមធ្យមចន្លោះពី២.៥០០ដុល្លារ ទៅ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅក្នុងខណ្ឌសែនសុខមានតម្លៃជាមធ្យមចាប់ពី៩០០ដុល្លារទៅ១.៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ដោយឡែក ដីនៅខណ្ឌជ្រោយចង្វារ និងខណ្ឌដង្កោមានតម្លៃទាបជាងបើធៀបនឹងខណ្ឌនៅចំកណ្តាលរាជធានីភ្នំពេញ។

តួយ៉ាង ដីនៅជាប់មាត់ទន្លេក្នុងខណ្ឌជ្រោយចង្វារមានតម្លៃជាមធ្យមចន្លោះពី១.៥០០ដុល្លារទៅ២.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីនៅខណ្ឌដង្កោមានតម្លៃជាមធ្យមចាប់ពី២០០ដុល្លារទៅ៦០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

ចំណែក ដីនៅខណ្ឌឬស្សីកែវ និងខណ្ឌកំបូលក៏មានតម្លៃសមរម្យផងដែរ។ ក្នុងនោះ ដីនៅខណ្ឌឬស្សីកែវមានតម្លៃជាមធ្យមចាប់ពី៨០០ដុល្លារទៅ១.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅខណ្ឌកំបូលមានតម្លៃជាមធ្យមចន្លោះពី៨០ដុល្លារទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកស្រី គឹម គិនកេសា អគ្គនាយិកានៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា “ទីផ្សារ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​បន្ត​បង្ហាញ​ពី​ភាព​ធន់​ និង​ការ​សម្រប​ខ្លួន។ តម្លៃដីខុសៗគ្នានៅតាមខណ្ឌនីមួយៗ ឆ្លុះបញ្ចាំងពីឱកាសវិនិយោគដ៏ចម្រុះនៅរាជធានីភ្នំពេញសម្រាប់អ្នកវិនិយោគ”៕ប្រភព: CBRE Cambodia៕

LEAVE A REPLY

Please enter your comment!
Please enter your name here