តម្លៃខុនដូជាមធ្យមនៅប្រទេសជប៉ុនកើនឡើងលើសជាង១០ដងនៃប្រាក់ចំណូលរបស់ប្រជាជនជប៉ុន

0

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមទិន្នន័យថ្មីរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Tokyo Kantei បង្ហាញថា ការទិញខុនដូថ្មីនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ន ត្រូវចំណាយប្រាក់អស់ចំនួនជាង១០ដងនៃប្រាក់ខែប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនជប៉ុន។

លោក Masayuki Takahashi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន Tokyo Kantei បានអះអាងថា “គម្លាតរវាងកំណើនប្រាក់ចំណូល និងកំណើនតម្លៃខុនដូបានឃ្លាតពីគ្នាកាន់តែធំ ស្របពេលដែលថ្លៃដើមនៃការសាងសង់លំនៅដ្ឋានបានកើនលើសប្រាក់ឈ្នួល”។

លោកបន្តថា “វាជារឿងធម្មតា ដែលតម្លៃខុនដូនៅតំបន់ទីប្រជុំជន ដូចជាទីក្រុងតូក្យូបានកើនឡើង។ប៉ុន្តែ បច្ចុប្បន្ន និន្នាការនេះកំពុងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ដោយសារតែអ្នកអភិវឌ្ឍន៍ផ្តោតលើក្រុមអ្នកទិញដែលមានទ្រព្យច្រើន”។

គម្លាតនេះជាសូចនាករចុងក្រោយបង្អស់បង្ហាញថា លទ្ធភាពទិញផ្ទះជាបញ្ហាប្រឈមដ៏សំខាន់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីប្រាក់ឈ្នួលបានស្ថិតនៅទ្រឹងអស់ជាច្រើនឆ្នាំ និងការកើនឡើងនៃអត្រាអតិផរណា។

ជាមួយគ្នានេះ ការកើនឡើងនៃតម្រូវការរបស់ជនបរទេសក៏ជាកត្តាមួយ ដែលរួមចំណែកធ្វើឱ្យតម្លៃលក់ខុនដូនៅប្រទេសជប៉ុនហក់ឡើងខ្ពស់កប់ពពកផងដែរ ស្របពេលមានការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនក្នុងស្រុក។

ខុនដូនៅទូទាំងប្រទេសជប៉ុនមានតម្លៃជាមធ្យមចំនួន៤៥,៥លានយ៉េន(ប្រហែល២៩៨.០០០ដុល្លារ) ក្នុងមួយយូនីត ខណៈប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនជប៉ុនមានចំនួន៤,៥១លានយ៉េន។ នេះមានន័យថា ខុនដូមួយយូនីតមានតម្លៃស្មើនឹងចំនួន១០,០៩ដងនៃប្រាក់ចំណូល។

ទីក្រុងតូក្យូមានគម្លាតធំជាងគេបំផុតចំនួន១៧,៧៨ដង ដោយក្នុងនោះ ខុនដូនៅទីក្រុងនេះមានតម្លៃជាមធ្យមចំនួន១០៥លានយ៉េនក្នុងមួយយូនីត។

ខេត្ត Nagano បានឈរនៅលេខរៀងទី២ បន្ទាប់ពីទីក្រុងតូក្យូ ខណៈពេលដែលខុនដូនៅក្នុងខេត្តនេះមានតម្លៃជាមធ្យមប្រមាណ៧២,៧លានយ៉េនក្នុងមួយយូនីត និងមានគម្លាតចំនួន១៥,៨៨ដងនៃប្រាក់ចំណូល។

លោក Takahashi បានអះអាងឱ្យដឹងបន្ថែមទៀតថា ទោះបីជាប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនជប៉ុនកើនឡើងយ៉ាងណាក្តី ក៏តម្លៃខុនដូនឹងមិនអាចធ្លាក់ចុះនោះទេ ដោយសារនិន្នាការទីផ្សារកំពុងផ្លាស់ប្តូរទៅរកអចលនទ្រព្យប្រណីតដែលផ្តោតលើក្រុមអ្នកមាន៕ប្រភព: Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here