ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ីបានប្រកាសដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចចំនួន៨២៧ទ្រីលានរូពៀ (ប្រហែល៥១,៦៥ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយបញ្ហាប្រឈមសេដ្ឋកិច្ច និងដោះស្រាយការធ្លាក់ចុះអំណាចនៃការទិញ។
កញ្ចប់ជំរុញនេះក៏មានគោលបំណងទប់ស្កាត់ផលប៉ះពាល់ពីការដំឡើងអាករលើតម្លៃបន្ថែម (VAT) ពីអត្រាចំនួន១១% កើនឡើងដល់ចំនួន១២% ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ខាងមុខ។
លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានអះអាងថា វិធានការជំរុញនេះត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីផ្តល់ការគាំទ្រប្រកបដោយតុល្យភាព ជាពិសេសដល់ប្រជាជនដែលមានប្រាក់ចំណូលទាប ដើម្បីឱ្យពួកគេអាចធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ។
-->

តាមរយៈកញ្ចប់ជំរុញសេដ្ឋកិច្ចនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងវិភាជន៍ទុនវិនិយោគចំនួន២៦៥,៦ទ្រីលានរូពៀ ដើម្បីជំរុញវិស័យជាច្រើន រួមមាន សហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ការអប់រំ ការថែទាំសុខភាព ការដឹកជញ្ជូន ថាមពល លំនៅដ្ឋានតម្លៃទាប និងសេវាហិរញ្ញវត្ថុ។
ចំណែក តម្រូវការអាហារជាមូលដ្ឋានដូចជាអង្ករ សាច់ ត្រី ស៊ុត បន្លែ និងទឹកដោះគោ នឹងនៅតែបន្តត្រូវបានលើកលែងពីការបង់អាករលើតម្លៃបន្ថែម។
លោកស្រីរដ្ឋមន្ដ្រីបានបញ្ជាក់ថា រដ្ឋាភិបាល និងសភាតំណាងបានសម្រេចចិត្តមិនយកពន្ធលើតម្លៃបន្ថែមលើទំនិញសំខាន់ៗដែលសាធារណជនត្រូវការនោះទេ។ លោកស្រីបានបន្ថែមថា ទុនវិនិយោគចំនួន៣៩៤ទ្រីលានរូពៀត្រូវបានវិភាជន៍សម្រាប់ការឧបត្ថម្ភធនថាមពល។

ចំពោះទីផ្សាររថយន្ត រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់រថយន្តអគ្គិសនី និងរថយន្តកូនកាត់។ យានជំនិះអគ្គិសនី និងរថយន្តកូនកាត់ នឹងទទួលបានការបន្ធូរបន្ថយពន្ធយ៉ាងច្រើន រួមមានទាំងការកាត់បន្ថយអត្រាពន្ធដាក់លើទំនិញប្រណីតចំនួន៣% សម្រាប់រថយន្តកូនកាត់។
ចំពោះទីផ្សារលំនៅដ្ឋាន រដ្ឋាភិបាលនឹងបន្តលើកលែងអាករលើតម្លៃបន្ថែមសម្រាប់ការទិញផ្ទះ។ ទីផ្សារលំនៅដ្ឋានមិនត្រឹមតែបំពេញតម្រូវការមូលដ្ឋានរបស់សាធារណៈជនប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងអាចបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕ប្រភព: VNA ៕
