ទីផ្សារផ្ទះ​លំដាប់អភិជននៅទីក្រុងបាងកក​កំពុង​រីក​ចម្រើន​ខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ

0

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា ការលក់ផ្ទះប្រណីតនៅទីក្រុងបាងកករបស់ប្រទេសថៃសម្រេចបានទំហំទឹកប្រាក់សរុបជាង៤៥០ពាន់លានបាតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ផ្ទះទាំងនោះមានតម្លៃជាង១០០លានបាតក្នុងមួយយូនីត។

ចាប់តាំងពីឆ្នាំ២០១៥មក ផ្ទះប្រណីតថ្មីៗចំនួន៣៩៤យូនីតត្រូវបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន The Nation។

លោក Phattarachai Taweewong នាយកស្រាវជ្រាវរបស់ក្រុមហ៊ុន Collier ប្រចាំប្រទេសថៃ អះអាងថា “ស្របពេលដែលទីផ្សារអចលនទ្រព្យផ្សេងទៀតរបស់ប្រទេសថៃកំពុងធ្លាក់ចុះ ដោយសារតែអតិថិជនពិបាកទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ អ្នកទិញផ្ទះប្រណីតៗភាគច្រើនតែងទិញជាសាច់ប្រាក់។ ដូច្នេះហើយ ពួកគេមិនចាំបាច់ស្នើសុំប្រាក់កម្ចីទេ”។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Colliers បានបង្ហាញថា ផ្ទះប្រហែល៣៥០យូនីតដែលមានតម្លៃជាង១០០លានបាត កំពុងស្ថិតក្នុងដំណើរការលក់គិតត្រឹមចុងខែកញ្ញា។ ក្នុងចំណោមនោះ ផ្ទះចំនួន៤១,១៤%មានទីតាំងនៅទីប្រជុំជនក្នុងតំបន់នានាដូចជាតំបន់ Sukhumvit តំបន់ Aree តំបន់ Bang Na តំបន់ Rama IX និងតំបន់ Phattanakarn។

លោក Phattarachai បានព្យាករណ៍ថា “ផ្ទះទាំងនេះនឹងមានអត្រានៃការលក់ដាច់ក្នុងរង្វង់៥២,២៨% ឬមានន័យថា ក្នុងចំណោមផ្ទះប្រហែល៣៥០យូនីត ក្នុងនោះផ្ទះដែលលក់មិនដាច់នឹងមានចំនួនត្រឹមតែ១៦៨យូនីតប៉ុណ្ណោះ”។

លោកបានគូសបញ្ជាក់ថា “អតិថិជនពិសេសភាគច្រើន រួមមានអ្នកទិញដែលមានមុខតំណែងខ្ពស់ៗ ដូចជា នាយកប្រតិបត្តិ ម្ចាស់អាជីវកម្ម ជនបរទេស និងតារាល្បីៗដែលមានទ្រព្យសម្បត្តិហូរហៀរ”។

នៅទីក្រុងបាងកក តំបន់ក្រវ៉ាត់ក្រុងភាគខាងជើងបានរាយការណ៍ពីអត្រានៃការលក់ផ្ទះប្រណីតដាច់ជាងគេបំផុតក្នុងរង្វង់៦៥,០៨% តាមពីក្រោយដោយតំបន់ក្រវ៉ាត់ក្រុងភាគខាងកើតក្នុងរង្វង់៥៩,០៩%។

ចំណែក តំបន់ក្រវ៉ាត់ក្រុងភាគខាងលិចបានរាយការណ៍ពីអត្រានៃការលក់ផ្ទះប្រណីតដាច់ក្នុងរង្វង់៥២,៥៤ភាគរយ ខណៈតំបន់ក្រវ៉ាត់ក្រុងភាគខាងត្បូងបានរាយការណ៍ពីអត្រានៃការលក់ផ្ទះប្រណីតដាច់ក្នុងរង្វង់៣៣,៣៣%៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here