ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្គត់ផ្គង់អាផាតមុិននៅតំបន់ភាគខាងត្បូងប្រទេសវៀតណាមកំពុងមានការកើនឡើងយ៉ាងគំហុក ខណៈអាផាតមុិនថ្មីៗរាប់ពាន់យូនីតអាចរកទិញបានចាប់ពីតម្លៃសមរម្យដល់តម្លៃខ្ពស់កប់ពពក។
ជាក់ស្ដែង គម្រោងលំនៅដ្ឋាន Bcons Solary ដែលមានទីតាំងនៅតំបន់ Binh Duong ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនៅជិតទីក្រុងហូជីមិញ បានចាប់ផ្តើមទទួលយកប្រាក់កក់ពីអតិថិជនដែលទិញអាផាតមុិនរបស់ខ្លួន។
គម្រោងដែលកំពុងស្ថិតក្រោមការដ្ឋានសាងសង់នេះមានអគារចំនួន៤ ដែលមានអាផាតមុិនសរុបចំនួន២.៦៥០យូនីតជាមួយនឹងតម្លៃចាប់ពី៣៣លានដុង ឬ១.៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ គម្រោងនេះគ្រោងនឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២៧។
-->

ជាមួយគ្នានេះ គម្រោង Saigon Riverpark នៅខេត្តឡុងអាន បានប្រកាសសាងសង់អាផាតមុិនចំនួន១.២២៩យូនីត ដែលមានតម្លៃចាប់ពី២០លានដុងក្នុងមួយម៉ែត្រការ៉េ។
ដោយឡែក អាផាតមុិន ដែលនៅសេសសល់ចុងក្រោយក្នុងគម្រោង Citi Grand នៅទីក្រុងហូជីមិញ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី៥០លានដុងក្នុងមួយម៉ែត្រការ៉េ។

គម្រោងមួយទៀតឈ្មោះ “Fiato Uptown”នឹងចាប់ផ្តើមទទួលយកប្រាក់កក់ពីអតិថិជនក្នុងពេលឆាប់ៗនេះ ជាមួយនឹងតម្លៃអាផាតមុិនចាប់ពី៥៥លានដុងក្នុងមួយម៉ែត្រការ៉េ។
ចំណែក គម្រោង Conic Boulevard ដែលមានអាផាតមុិនចំនួន៩៧៦យូនីត នឹងទទួលប្រាក់កក់ចាប់ពីខែធ្នូនេះ ដែលមានតម្លៃយ៉ាងតិចចំនួន៤០លានដុងក្នុងមួយម៉ែត្រការ៉េ។

លោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនវត្ថុវៀតណាមបានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលវៀតណាមបានស្រាយចំណងផ្លូវច្បាប់ជាច្រើន ដើម្បីជំរុញការស្តារទីផ្សារអចលនទ្រព្យឡើងវិញ។
លោកបានបន្ថែមថា ដូច្នេះ បណ្តាអ្នកអភិវឌ្ឍន៍មានទំនុកចិត្តក្នុងការចាប់ផ្តើមបើកលក់គម្រោង ខណៈពួកគេរំពឹងថា តម្រូវការនឹងកើនឡើង ហើយគម្រោងអាផាតមុិនជាច្រើនទៀតដែលមានតម្លៃសមរម្យនឹងត្រូវបានផ្គត់ផ្គង់បន្ថែមជាពិសេសនៅក្នុងតំបន់ក្បែរទីក្រុងហូជីមិញ៕ប្រភព: vnexpress៕

