ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ការសម្រេចចិត្តក្នុងការដកខ្លួន ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង និងមានភាពម្ចាស់ការលើខ្លួនឯង។
សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុនការសម្រេចចិត្តក្នុងការដកខ្លួនចេញនេះដែរ ធនាគារពិភពលោក ក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា “ប្រសិនបើកម្ពុជា នៅតែបន្តរក្សាស្ថានភាពរបស់ខ្លួន ស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើន នឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលបានលក្ខខណ្ឌអនុគ្រោះ ពីប្រទេសជាច្រើនទៀតផងដែរ”។ សម្តេចបន្ថែមថា” ប៉ុន្តែកម្ពុជាមានគោលការណ៍របស់ខ្លួន ក្នុងការពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន”៕