លោក ដូណាល់ ត្រាំ គំរាមទាមទារព្រែកជីកប៉ាណាម៉ាមកដាក់ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ចំពោះការយកកម្រៃពីកប៉ាល់អាមេរិក ដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយលោកបានចាត់ទុកថា នេះជារឿងមិនយុត្តិធម៌។ ព្រែកជីកប៉ាណាម៉ាតភ្ជាប់ផ្លូវទឹកពាណិជ្ជកម្មរវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។

ដោយសារតែការមិនពេញចិត្តនឹងឥទ្ធិពលរបស់ព្រែកជីកប៉ាណាម៉ា ដែលអាចជះផលប៉ះពាល់លើផលប្រយោជន៍អាមេរិក លោកដូណាល់ ត្រាំ បានគំរាមទាមទារគ្រប់គ្រងផ្លូវទឹកនេះឡើងវិញ។

ព្រែកជីកប៉ាណាម៉ា ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលជួយសន្សំពេលវេលាធ្វើដំណើរវាងមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក។ ព្រែកជីកនេះ ត្រូវបានសាងសង់ដោយអាមេរិកក្នុងឆ្នាំ១៩១៤ ហើយប្រគល់ឱ្យប្រទេសប៉ាណាម៉ាគ្រប់គ្រងក្រោមកិច្ចព្រមព្រៀងនៅឆ្នាំ១៩៧៧ ហើយប្រទេសប៉ាណាម៉ាបានគ្រប់គ្រងព្រែកជីកនេះទាំងស្រុងនៅឆ្នាំ១៩៩៩។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកជិតចូលកាន់តំណែងលោក ដូណាល់ ត្រាំ បានបង្ហាញការពេញចិត្តចំពោះតម្លៃធ្វើដំណើរឆ្លងកាត់។ លោកត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា កងទ័ពជើងទឹក និងកប៉ាល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកទទួលរងភាពអយុត្តិធម៌បំផុត។

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះ គំរាមថា ប្រសិនបើប៉ាណាម៉ាមិនអាចធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាចទុកចិត្តបានទេ សហរដ្ឋអាមេរិកនឹងទាមទារយកព្រែកជីកប៉ាណាម៉ាមកដាក់ក្រោមការគ្រប់គ្រងរបស់អាមេរិកវិញ។

ទាក់ទិននឹងរឿងនេះ អាជ្ញាធរ​​គ្រប់គ្រងព្រែកជីកប៉ាណាម៉ា​ មិន​ទាន់បានធ្វើការឆ្លើយតប​ចំពោះការគំរាមរបស់​លោក ត្រាំ នៅឡើយទេ។

ទោះបីជាមិនទាន់ស្បថចូលកាន់តំណែងជាផ្លូវការយ៉ាងណាក្តី លោក ត្រាំ តែងបានប្រកាសគោលនយោបាយផ្សេងៗក្នុងន័យគំរាម ដើម្បីបង្ហាញថា លោកជាថ្នាក់ដឹកនាំ​ប្រយុទ្ធ​ដើម្បី​ផលប្រយោជន៍​​របស់អាមេរិក។

បច្ចុប្បន្ន ចំណែកប្រមាណ៥ភាគរយនៃចរាចរណ៍ផ្លូវសមុទ្រនៅលើពិភពលោក បានឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលអនុញ្ញាតឱ្យកប៉ាល់ដឹកជញ្ជូនធ្វើដំណើររវាងតំបន់អាស៊ី និងឆ្នេរខាងកើតអាមេរិក ដោយជៀសវាងផ្លូវដ៏វែងឆ្ងាយ និងគ្រោះថ្នាក់នៅជុំវិញតំបន់អាមេរិកខាងត្បូង។

 

បណ្តាប្រទេសធំៗ ដែលប្រើប្រាស់ផ្លូវទឹកនេះ រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កាលពីខែតុលា ឆ្នាំ២០២៤ អាជ្ញាធរប៉ាណាម៉ាបានរាយការណ៍ថា ផ្លូវទឹកនេះទទួលបានប្រាក់ចំណូលជិត៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធចុងក្រោយខ្លួន៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here