ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគនៅក្នុងកម្មវិធីទិដ្ឋាការមាសរបស់ប្រទេសឥណ្ឌូនេស៊ីសម្រេចបានទំហំទឹកប្រាក់ចំនួន៩ទ្រីលានរូពើ(ប្រហែល៥៥៨លានដុល្លារអាមេរិក) ចាប់តាំងពីកម្មវិធីនេះបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ២០២៤។
លោក Jaya Saputra មន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកលើសិទ្ធិស្នាក់នៅ និងអន្តោប្រវេសន៍ បានអះអាងថា ប្រទេសឥណ្ឌូនេស៊ីបានចេញទិដ្ឋាការចំនួន៥,១៦លានសន្លឹកនៅចន្លោះខែមករា ដល់ថ្ងៃទី១៥ ខែធ្នូ។
លោកបន្តថា ទិដ្ឋាការចំនួន៨៩ភាគរយ ជាទិដ្ឋាការនៅពេលមកដល់ និងទិដ្ឋាការប្រភេទផ្សេងទៀត រួមមានទិដ្ឋាការចូលតែមួយលើកចំនួន៤២០.០០០សន្លឹក ទិដ្ឋាការចូលច្រើនលើកចំនួន៤៣.០០០សន្លឹក និងទិដ្ឋាការស្នាក់នៅមានកំណត់ចំនួន៦២.០០០សន្លឹក។
-->

គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ប្រាក់ចំណូល ដែលរដ្ឋទទួលបានពីការផ្តល់សេវាទិដ្ឋាការបានកើនឡើងដល់ចំនួន៨,៥៨ទ្រីលានរូពៀ បើប្រៀបធៀបនឹងគោលដៅប្រចាំឆ្នាំ២០២៤ចំនួន៦ទ្រីលានរូពៀ។
កម្មវិធីទិដ្ឋាការមាសត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការនៅថ្ងៃទី២៥ ខែកក្កដា ដោយលោកអតីតប្រធានាធិបតីឥណ្ឌូនេសុី Joko Widodo ក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេស និងធនធានមនុស្សមានទេពកោសល្យ។

តាមរយៈកម្មវិធីនេះ ជនបរទេសអាចស្នាក់នៅក្នុងប្រទេសឥណ្ឌូនេសុីចំនួន១០ឆ្នាំ។ ចំពោះវិនិយោគិនជាលក្ខណៈបុគ្គល ដែលបោះទុនយ៉ាងតិច២,៥លានដុល្លារ និងបង្កើតក្រុមហ៊ុនក្នុងប្រទេសឥណ្ឌូនេសុីអាចមានសិទ្ធិស្នាក់នៅរយៈពេល៥ឆ្នាំ។ ប្រសិនបើការវិនិយោគរបស់ពួកគេកើនឡើងដល់ចំនួន៥លានដុល្លារ ពួកគេអាចស្នាក់នៅរយៈពេល១០ឆ្នាំ។
ដោយឡែក ចំពោះវិនិយោគិន ដែលសម្រេចចិត្ដមិនបង្កើតក្រុមហ៊ុនក្នុងប្រទេសឥណ្ឌូនេសុី អាចបោះទុនវិនិយោគយ៉ាងតិច៣៥មុឺនដុល្លារដើម្បីទទួលបានសិទ្ធិស្នាក់នៅរយៈពេល៥ឆ្នាំ ឬបោះទុនចំនួន៧០មុឺនដុល្លារដើម្បីទទួលបានសិទ្ធិស្នាក់នៅរយៈពេល១០ឆ្នាំ៕ប្រភព: VNA ៕
