ប្រទេសចិនគ្រោងបោះទុនវិនិយោគចំនួន៥៥១ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនគ្រោងបោះទុនជាង៤ទ្រីលានយ័ន(ប្រហែល៥៥១ពាន់លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង។ នេះបើយោងតាមមន្ត្រីទទួលបន្ទុករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន។

គម្រោងដែលផ្តោតលើបច្ចេកវិទ្យាដូចជាមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ស្ថិតក្នុងចំណោមគម្រោងដ៏មានសក្តានុពល ដែលនឹងទទួលបានទុនវិនិយោគកាន់តែច្រើន។

លោក Zhao Chengfeng អនុប្រធាននាយកដ្ឋានវិនិយោគនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានលើកឡើងថា ការជួសជុល និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្រោមដីក្នុងទីក្រុង ដូចជាបំពង់ឧស្ម័ន ការផ្គត់ផ្គង់ទឹកនិងប្រព័ន្ធលូ និងប្រព័ន្ធកំដៅ ជាកិច្ចការដ៏សំខាន់ ដែលទាមទារឱ្យមានការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំ។

ស្របពេលដែលអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងធ្លាក់ចុះ ដោយសារការធ្លាក់ចុះនៃការចំណាយ និងតម្រូវការប្រើប្រាស់ គួបផ្សំនឹងវិបត្តិអចលនទ្រព្យ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតែជាឧបករណ៍មួយដ៏សំខាន់សម្រាប់រដ្ឋាភិបាលចិន ក្នុងការជំរុញកំណើន និងស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនរយៈពេលវែងផងដែរ។

បណ្តាគម្រោងសាងសង់ខ្នាតធំក៏បានជំរុញកំណើននៃឱកាសការងារ និងជំរុញឱ្យមានតម្រូវការសម្ភារៈសំណង់ និងសេវាកម្ម។

ប្រទេសចិនបានវិភាជន៍ទុនវិនិយោគប្រមាណ៦ទ្រីលានយ័ននៅក្នុងមូលនិធិវិនិយោគរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៤នេះ ដែលរួមមានទុនចំនួន៧០០ពាន់លានយ័នបានពីកញ្ចប់ថវិការបស់រដ្ឋាភិបាលថ្នាក់ជាតិ ទុនចំនួន១ទ្រីលានយ័នបានពីការលក់បណ្ណរតនាគារពិសេសរយៈពេលវែង និងទុនចំនួន៣,១២ទ្រីលានយន់បានពីការលក់មូលបត្របំណុលពិសេសរបស់រដ្ឋបាលក្នុងតំបន់។ ទុនវិនិយោគទាំងនេះត្រូវបានកំណត់សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ចំណែក ទុនវិនិយោគចំនួន១ទ្រីលានយ័ន ដែលទទួលបានពីការលក់បណ្ណរតនាគារកាលពី២០២៣ ក៏ត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ជាចម្បងនៅឆ្នាំនេះផងដែរ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here